ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ៖ ការចេញផ្សាយរបស់ RFA Khmer ផ្សាយព័ត៌មានក្លែងក្លាយ មានចេតនាទុច្ចរិត បរិហារកេរ្តិ៍ បំផ្លើសការណ៍ពិត ធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់មន្ត្រីរាជការសាធារណៈ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ ការចេញផ្សាយរបស់ RFA Khmer កាលពីយប់ថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២៤ ថា មន្ត្រីបរិស្ថានមួយចំនួននៅខេត្តស្ទឹងត្រែងរងការចោទថាចាប់ពលរដ្ឋ ជំរិតទារលុយជាថ្នូរនឹងការដោះលែង ករណីនេះជនសង្ស័យចំនួន២នាក់ដែលមាន ឈ្មោះ វែន វុទ្ធី និងឈ្មោះវ៉ន ថា ភេទប្រុស ជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តបទល្មើសចូលកាប់រានដីព្រៃក្នុងតំបន់ការពារធម្មជាតិកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចអូរចម្រុះ ស្ថិតក្នុងដែនជម្រកសត្វព្រៃ-ព្រៃឡង់ ភូមិសាស្ត្រភូមិអន្លង់ភេ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជារឿងមិនពិត។ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង សូមបញ្ជាក់ជូនថា ដោយមានការអនុញ្ញាតពី ឯកឧត្តមព្រះរាជអាជ្ញា អយ្យការ អមសាលាដំបូងខេត្តស្ទឹងត្រែង បានធ្វើការបង់ពិន័យអន្តរការណ៍ទៅលើជនសង្ស័យទី១ មានឈ្មោះ វែន វុទ្ធី អាយុ៥៣ឆ្នាំ និងទី២មានឈ្មោះ វ៉ន ថា អាយុ ៤២ឆ្នាំ បង់ចូលថវិការដ្ឋ ចែងក្នុងមាត្រា៥៩ ចំណុចទី០១ “កាប់ គាស់រំលើង កាប់រំលំ រុករានដីព្រៃ គ្រៀវ ចងរឹត ប្រមូល បំផ្លាញធនធានធម្មជាតិ” នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។

ដូច្នេះ ព័ត៌មានដែលការចុះផ្សាយរបស់ RFA Khmer នាពេលកន្លងមកនេះ គឺជាព័ត៌មានក្លែងក្លាយ មានចេតនាទុច្ចរិត បរិហារកេរ្តិ៍ បំផ្លើសការណ៍ពិត ធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីរាជការសាធារណៈ ប៉ះពាល់ដល់ស្ថាប័នរដ្ឋ ជាពិសេស មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖