ភ្នំពេញ៖ បុរសម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅក្នុងថ្លុកឈាម នៅលើផ្លូវជាតិលេខ៦អា ខណៈមានរថយន្ដមិនចាំម៉ាកបើកបុកបណ្ដាលឱ្យស្លាប់ផ្កាប់មុខនៅក្នុងថ្លុកឈាម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៥០នាទីយប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឆ្លងកាត់ទីតាំងខាងលើបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៦អា ក៏ស្រាប់តែប្រទះឃើញបុរសដេកស្លាប់ក្នុងថ្លុកឈាមផ្កាប់មុខ ដោយម៉ូតូរបស់ជនរងគ្រោះដែលមានម៉ាក Suzuki viva ពណ៌ខ្មៅ ដែលមានផ្លាកលេខ បន្ទាយមានជ័យ 1C-0105 ត្រូវបានដួលកណ្តាលផ្លូវ រងការខូចខាត ភ្លាមៗនោះគាត់ក៏បានហៅអ្នកភូមិដែលនៅក្បែរទីតាំងកើតហេតុ ជួយធ្វើការលើកបុរសរងគ្រោះឱ្យដេកផ្ងារវិញ តែជាអកុសលបុរសរងគ្រោះបានស្លាប់បាត់ទៅហើយ។
បេីតាមប្រភពពីប្រជាពលរដ្ឋផ្សេងទៀតបានឱ្យដឹងថា គេបានឃើញរថយន្តមួយគ្រឿង ដែលមិនចាំម៉ាកបើកទៅបុកបុរសរងគ្រោះពីក្រោយ រួចបើកគេចខ្លួនបាត់ ទើបបណ្តាលឱ្យបុរសរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានធ្វើការទាក់ទងទៅខាងសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញដេីម្បីធ្វើការវាស់វែងនឹងយកម៉ូតូជនរងគ្រោះយកទៅរក្សាទុកជាបណ្ដោះអាសន្ន ចំណែកសពត្រូវបានសមត្ថកិច្ចនគរបាលបានធ្វេីលិខិតរួចក៏ប្រគល់សពឱ្យក្រុមគ្រួសារដេីម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រោវជ្រាវរថយន្ដដែលបង្កដើម្បីមកដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ