ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបបានហើយ! ក្រុមអ្នកលេងកាំបិត​ ៣នាក់ ក្រោយប្រើកាំបិត​គំរាមកាប់ទៅលើបុគ្គលិកភោជនីយដ្ឋានម្លប់ស្នេហ៍

ចែករំលែក៖

ភ្នំពេញ៖ កម្លាំង​កងរាជអាវុធហត្ថរាជធានីភ្នពេញ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ច​ជំនាញ​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​បានហើយ​ ក្រុមអ្នកលេងកាំបិត​ ៣នាក់ ក្រោយប្រើកាំបិត​គំរាមកាប់ទៅលើបុគ្គលិកភោជនីយដ្ឋានម្លប់ស្នេហ៍​ យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ 

សូមជម្រាបថា​ មានករណីក្រុមអ្នក​ក្មេងទំនើង​ ប្រដាប់ដោយកាំបិតផ្គាក់ កាំបិតប៉័ងតោ ញញួរ ដំបង និងខ្សែក្រវ៉ាត់មួយក្រុម កាលពីវេលាម៉ោង ២និង០០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ បានធ្វើសកម្មភាព បម្រុងសម្រុកចូលវាយ និងកាប់ទៅលើបុគ្គលិកភោជនីយដ្ឋានម្លប់ស្នេហ៍ ស្ថិតនៅចំណុច ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ តែដោយបុគ្គលិកហាងមានគ្នាច្រើន ធ្វើឲ្យក្រុមអ្នកក្លាហានលេង គុនកាំបិតទាំងនោះ គ្រាន់តែអុកឡុក និងស្រែកឡូឡាខាងមុខហាង រួចក៏នាំគ្នាចេញវិញគេចខ្លួនបាត់អស់។

ក្រោយពីទទួលរងនូវការភិតភ័យ បុគ្គលិកហាងម្លប់ស្នេហ៍ បានដាក់ពាក្យបណ្តឹងដល់ កម្លាំងជំនាញអាវុធហត្ថខណ្ឌសែនសុខ ឲ្យចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ចាប់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ រួមនិង កាំបិតផ្គាក់ កាំបិតប៉័ងតោ ចំនួន០២ដើម យកមកមូលដ្ឋានខណ្ឌដើម្បីអនុវត្តតាមនីតិវិធី។

ជនសង្ស័យទាំង០៣នាក់ រួមមាន៖ ១-ឈ្មោះ រឹម ម៉ៅ ភេទប្រុស អាយុ១៩ឆ្នាំ, ២-ឈ្មោះ មន លីន ភេទប្រុស អាយុ១៨ឆ្នាំ, ៣-ឈ្មោះ ណន គីនីន ភេទប្រុស អាយុ១៦ឆ្នាំ។

ក្រោមវិធានការជំនាញជនសង្ស័យ បានសារភាពឲ្យដឹងដូចគ្នាថា កាលពីថ្ងៃកើតហេតុ ពួកខ្លួន និងបក្ខពួកផ្សេងទៀត ពិតជាបានប្រព្រឹត្តអំពើដូចការរៀបរាប់ខាងលើពិតប្រាកដមែន មូលហេតុដោយសារតែពួកខ្លួន បានលឺសំឡេងពីក្នុងហាង ម្លប់ស្នេហ៍ ថា ពួកអាអត់ប្រយោជន៍ ភ្លាមនោះពួកខ្លួនស្មានតែជនរងគ្រោះថាអោយក្រុមខ្លួនក៏កើតចេញជាកំហឹងតែម្ដង។

ជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលរត់គេចខ្លួន សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕

ដោយ​៖ តារា​


ចែករំលែក៖