ប្រព័ន្ធទូទាត់ឆ្លងប្រទេសថ្មីរបស់ BRICS ត្រូវបានគេរំពឹងថានឹងជួយធ្វើឱ្យប្រតិបត្តិការពាណិជ្ជកម្មក្រៅប្រទេសកាន់តែលឿន និងថោកជាងមុន ខណៈពេលដែលមិនត្រូវបានគំរាមកំហែងដោយទណ្ឌកម្មណាមួយឡើយ។សារព័ត៌មាន Bloomberg បានផ្សាយថាប្រទេសរុស្ស៊ីកំពុងស្នើឱ្យផ្លាស់ប្តូរទម្រង់នៃការទូទាត់ឆ្លងព្រំដែនដែលបានធ្វើឡើងរវាងប្រទេស BRICS ដើម្បី “ជៀសវាង” ប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិចក្នុងបរិបទដែលទីក្រុងម៉ូស្គូត្រូវបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់។
ដំណោះស្រាយជំនួសរួមមាន ការបង្កើតបណ្តាញធនាគារពាណិជ្ជ ដែលអាចធ្វើប្រតិបត្តិការជារូបិយប័ណ្ណក្នុងស្រុក ក៏ដូចជាការបង្កើតទំនាក់ទំនងផ្ទាល់រវាងធនាគារកណ្តាល នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុរុស្ស៊ី ធនាគារកណ្តាលនៃប្រទេសរុស្ស៊ី និងការប្រឹក្សាដែលមានមូលដ្ឋាននៅទីក្រុងម៉ូស្គូ ក្រុមហ៊ុន Yakov & Partners ។
របាយការណ៍បាននិយាយថា “ប្រព័ន្ធពហុរូបិយប័ណ្ណ” នឹងត្រូវ “ការពារអ្នកចូលរួមពីសម្ពាធពីខាងក្រៅ ដូចជាការដាក់ទណ្ឌកម្មលើទឹកដី”។ យោងតាមរបាយការណ៍ខាងលើ ផលប្រយោជន៍របស់សហរដ្ឋអាមេរិក “មិនតែងតែស្របជាមួយនឹងផលប្រយោជន៍របស់អ្នកចូលរួមផ្សេងទៀតទេ” នៅក្នុងបណ្តាញហិរញ្ញវត្ថុពិភពលោក។
ផែនការនេះក៏រួមបញ្ចូលផងដែរនូវការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មរួមគ្នាសម្រាប់ទំនិញដូចជាប្រេង ឧស្ម័នធម្មជាតិ គ្រាប់ធញ្ញជាតិ និងមាស។
មុននេះក្នុងបទសម្ភាសន៍ជាមួយ RT កាលពីថ្ងៃទី 9 ខែតុលា រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ីលោក Anton Siluanov បាននិយាយថា បណ្តាប្រទេស BRICS កំពុងព្យាយាមបង្កើតប្រព័ន្ធទូទាត់រួមមួយក្នុងបរិបទនៃយន្តការទូទាត់របស់លោកខាងលិចកាន់តែខ្លាំងឡើង។
យោងតាមរដ្ឋមន្ត្រី Siluanov យុទ្ធនាការដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកប្រឆាំងនឹងទីក្រុងមូស្គូដែលដឹកនាំដោយសហរដ្ឋអាមេរិកបានបង្ខំឱ្យរុស្ស៊ី និងសមាជិក BRICS ស្វែងរកដំណោះស្រាយថ្មីសម្រាប់ពាណិជ្ជកម្ម ទោះបីជាមានទណ្ឌកម្មក៏ដោយ។
លោក Siluanov បានបន្ថែមថា ប្រព័ន្ធទូទាត់ឆ្លងប្រទេស BRICS ថ្មីនឹងប្រើប្រាស់រូបិយប័ណ្ណជាតិ និងរូបិយប័ណ្ណឌីជីថល។ ហេដ្ឋារចនាសម្ព័ន្ធទូទាត់ទូទៅរបស់ BRICS នឹងផ្អែកលើបច្ចេកវិទ្យាថ្មី ដែលអនុញ្ញាតឱ្យប្រតិបត្តិការពាណិជ្ជកម្មក្រៅប្រទេសលឿន និងថោកជាង ហើយនឹងមិនស្ថិតនៅក្រោមការគំរាមកំហែងនៃទណ្ឌកម្មពីខាងក្រៅណាមួយឡើយ។
យោងតាមប្រធានឧស្សាហកម្មហិរញ្ញវត្ថុរុស្ស៊ី បណ្តាប្រទេស BRICS នឹងបន្តកាត់បន្ថយសមាមាត្រនៃ USD ក្នុងប្រតិបត្តិការរួម លើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក និងឆ្ពោះទៅរករូបិយប័ណ្ណឌីជីថលនាពេលអនាគត៕
ដោយ៖ ធីរីណា(រូបថត៖ RT)