ព័ត៌មានទាន់ហេតុការណ៍៖

ព្រះរាជទស្សនកិច្ចរបស់ ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ នៅមន្ទីរពេទ្យគន្ធបុប្ផា

ចែករំលែក៖

ភ្នំពេញ៖ ដោយទទួលបានការចាត់តាំងពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥​ម្សិលមិញនេះ​​ បានទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ នៃប្រទេសលុចសំបួ ដឹកនាំដោយព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ និងអមដំណើរដោយលោក Xavier Bettel ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស ពាណិជ្ជកម្មបរទេស កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ កិច្ចការមនុស្សធម៌នៃប្រទេសលុចសំបួ។ រួមដំណើរជាមួយគណៈប្រតិភូជាន់ខ្ពស់នេះដែរ មានវត្តមានរបស់ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា បាននាំបង្ហាញ និងជម្រាបជូនគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសលុចសំបួ នូវផ្នែកនីមួយៗនៃមន្ទីរពេទ្យរួមមាន បន្ទប់សង្រ្គោះបន្ទាន់កុមារ និងទារក, បន្ទប់សង្រ្គោះក្រោយវះកាត់បេះដូង, មន្ទីរពិសោធន៍ និងផ្នែកថតឆ្លុះរូបភាពវេជ្ជសាស្ត្រ។ ព្រះអង្គម្ចាស់ និងគណៈប្រតិភូបានស្វែងយល់ពីការរីកចម្រើនក្នុងវិស័យសុខាភិបាល ជាពិសេសវឌ្ឍនភាពការងាររបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបានព្យាបាលកុមារកម្ពុជាដោយឥតគិតថ្លៃប្រកបដោយគុណភាព។ គណៈប្រតិភូជាន់ខ្ពស់នៃប្រទេសលុចសំបួបានចងចាំនូវទស្សនកិច្ចនាថ្ងៃនេះ និង​ពិចារណាលើលទ្ធភាពជំនួយសប្បុរសធម៌ណាមួយជូនដល់មន្ទីរពេទ្យ នាថ្ងៃអនាគត។

សូមបញ្ជាក់ផងថាដំណើរទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមដោយលោកស្រីសាស្ត្រាចារ្យ អ៊ុំ សាម៉ុល អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកបណ្ឌិត ចន ណារិទ្ធិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា តំណាងមន្ទីរពេទ្យគន្ធបុប្ផា និងមន្ត្រីនាយកដ្ឋានសហប្រតិបត្តិអន្តរជាតិ នៃក្រសួងសុខាភិបាល៕

ដោយ​៖ តារា​


ចែករំលែក៖