ព័ត៌មានទាន់ហេតុការណ៍៖

រយៈ​ពេល ៩ខែ​! កម្ពុជា​ប្រមូលប្រាក់​បាន​ជាង ៧,៦​ ពាន់​លាន​ដុល្លារ​ពី​ការនាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អាមេរិក​

ចែករំលែក៖

ភ្នំពេញ​៖​ បើតាម​រាយការណ៍​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​ បានបង្ហាញថា​ ប្រទេសកម្ពុជា​ប្រមូលប្រាក់​បាន​ជាង ៧,៦​ ពាន់​លាន​ដុល្លារ​ពី​ការនាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អាមេរិក​នៅក្នុងរ​យៈ​ពេល ៩ ​ខែ​ដើមឆ្នាំ​ ២០២៤ កើន​ជាង ១០ ​ភាគរយ ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣​ ខណៈ​អាមេរិក​នៅតែ​ជា​ប្រទេស​នាំមុខគេ​ដែល​ទទួល​ទិញ​ទំនិញ​ពី​កម្ពុជា គឺ​ចំនួន​ជិត ១/៣ ​នៃ​ទឹកប្រាក់​នាំចេញ​សរុប​។

រាបាយការណ៍​ដដែល​ បានគូសបញ្ជាក់ថា​ ចាប់ពី​ខែមករា​កុម្ភៈ ដល់ខែកញ្ញាឆ្នាំ​ ២០២៤ ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​កម្ពុជា និង​អាមេរិក មាន​ចំនួន​សរុប ៧,៨​ ពាន់​លាន​ដុល្លារ កើនជាង ១០​ ភាគ​រយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣ ដែលមានជាង ​៧ ​ពាន់​លាន​ដុល្លារ ក្នុងនោះ​ទំនិញ​កម្ពុជា​នាំទៅ​អាមេរិក ចំនួន ៧,៦​ ពាន់​លាន​ដុល្លារ កើន ១០,៣ ភាគរយ ចំណែក​ទំនិញ​អាមេរិក​នាំមក​កម្ពុជា​ចំនួន ១៩៣ ​លាន​ដុល្លារ កើន ៦,៧​ ភាគរយ​។​

​​បេីតាមប្រធាន​សមាគម​ស្បែកជើង​កម្ពុជា លោក លី ឃុន​ថៃ បានឱ្យដឹងថា សម្ទុះ​ការ​​នាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ពិសេស​បណ្តា​ប្រ​ទេស​តំបន់​អឺរ៉ុប អាមេរិក និង​កាណាដា​បាន​ងើប​ឡើងវិញ​ចាប់តាំងពីដើមឆ្នាំមកនេះ។​ លោក​ បន្តថា​អា​មេ​​រិ​ក គឺជា​ទីផ្សារ​នាំចេញ​ទំនិញ​ធំជាងគេ​របស់​កម្ពុជា ដោយ​ភាគច្រើន​ជា​ផលិត​ផល​សម្លៀកបំពាក់ ស្បែកជើង កាបូប និង​កសិផល​មួយចំនួន​។ ជាមួយប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំចូល​ទំនិញ GSP ដែល​អាមេរិក​ផ្តល់ឱ្យ​កម្ពុជា​ក៏​ជា​ផ្នែក​សំខាន់​ដែល​ជួយ​ឱ្យ​ទំនិញ​កម្ពុជា​កាន់​តែ​ច្រើន ត្រូវបាន​នាំទៅ​កាន់​ទីនោះ​។​

​លោក​ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា​ បានគូសបញ្ជាក់ទៀត​ថា​៖ «​ក្នុងរយៈពេលប៉ុន្មានខែមកនេះ ​ការនាំចេញ​ស្បែកជើង ស្រោមជើង និង​វត្ថុ​ប្រហាក់​​ប្រហែលមានភាពល្អប្រសើរ​ជាង​ឆ្នាំមុន ព្រោះ​តម្រូវការនៅទីផ្សារគោលដៅ​របស់យើងមានកំណើន»​។​

ដោយឡែក​ អ្នកសេដ្ឋវិទូ​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ លោក ហុង វណ្ណៈ​ បាន​លើកឡើង​ថា ទោះបី​ពេលនេះ​កំណើនសេដ្ឋកិច្ច​ពិភពលោក​មិនទាន់​ល្អ​ដូច​មុនពេល​មាន​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ ប៉ុន្តែ​ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​អាមេរិក គឺ​បង្ហាញ​ភាព​វិជ្ជមាន​ឡើងវិញ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ចុងឆ្នាំ​ ២០២៣​។ ​

អ្នកសេដ្ឋវិទូ​រូបនេះ​ ​បានថ្លែង​ថា​៖ «​ការ​ងើប​ឡើងវិញ​នៃ​តម្រូវការ​ផលិតផល​វា​យ​ន​ភណ្ឌ​នៅ​អាមេរិក ព្រមទាំង​ការកើនឡើង​សមត្ថ​ភាព​ផលិតកម្ម​នៅ​កម្ពុជា​នឹង​ជួយ​ធ្វើឱ្យ​កម្ពុជា​មានឱកាស​ទទួល​ប្រាក់ចំណូល​កាន់តែច្រើន​ពី​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ​។ អាមេរិក គឺជា​ទីផ្សារ​ទទួល​ទិញ​ផលិតផល​វាយ​ន​ភណ្ឌ​ចម្បង​របស់​កម្ពុជា​»​។​

​​គួរបញ្ជាក់ថា​ នៅក្នុងរយៈពេល ៩ ខែ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៤ កម្ពុជាសម្រេចបាន​ទឹក​ប្រាក់​ជាង ១៩,៨៣ ពាន់ លានដុល្លារ ពីការ​នាំទំនិញចេញទៅក្រៅប្រទេស ​កើន​ឡើង ១៧ ភាគរយ បើធៀបនឹងរយៈ​ពេលដូចគ្នាក្នុង ២០២៣ ដែលមានទំហំទឹកប្រាក់ ១៦,៩៤ ពាន់​លានដុល្លារ។ នេះ​បើយោងតាម​ទិន្ន​​ន័យ​របស់​GDCE​។ការនាំចេញទំនិញ​របស់កម្ពុជាមានទំហំទឹកប្រាក់ ១៩,៨៣ ពាន់លានដុល្លារ កើន​ឡើង ១៧% ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ២១,១០ ពាន់លានដុល្លារ កើនឡើង ១៥,៩%៕

ដោយ​៖ តារា​


ចែករំលែក៖