ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានដូចខាងក្រោម៖
-សម្តេចធិបតី ថ្លែងថា សម្តេចពិតជាមានសេចក្តីរីករាយ ដែលបានចូលរួមជាអធិបតីនៅក្នុងពិធី «អបអរសាទរ ខួប ២០ឆ្នាំ នៃការចូលជាសមាជិករបស់កម្ពុជា ក្នុងអង្គការពាណិជ្ជកម្មពិភពលោក»។
-សម្ដេចធិបតី ថ្លែងថា ឆ្នាំ២០០៤ គឺជាឆ្នាំ ដែលកូនខ្មែរគ្រប់រូប តោងចងចាំ នៅពេលកម្ពុជា ដែលជាប្រទេសតូច និងជាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) អាចសម្រេចបាននូវជោគជ័យដ៏កម្រ នៅក្នុង បរិការណ៍នៃក្របខ័ណ្ឌពាណិជ្ជកម្មពហុភាគីដែលយើងបានក្លាយជាសមាជិក WTO ពេញសិទ្ធិ។
-សម្តេចធិបតី ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រសួងពាណិជ្ជកម្ម ដែលបានរៀបចំព្រឹត្តិការណ៍ដ៏មាន សារ:សំខាន់ជាប្រវត្តិសាស្ត្រនេះ ដើម្បីឆ្លុះបញ្ចាំងនូវចក្ខុវិស័យ និង ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក និងដើម្បីរំលេចនូវសមិទ្ធផលនានា ដែលកើតចេញពីរបត់ប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្ម សេដ្ឋកិច្ច ទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។
-សម្ដេចធិបតី ថ្លែងថា កម្ពុជាថ្ងៃនេះបានក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប មិនមែនការចៃដន្យ ឬដោយសារទេវតាចិត្តល្អនោះទេ គឺកើតចេញពីការដាក់ចេញគោលនយោបាយច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយ
-សម្ដេចធិបតី ថ្លែងថា កម្ពុជាទទួលបានលទ្ធផលជាប្រទេសមានការអភិវឌ្ឍ និងមានសក្ដានុពលនៅក្នុងតំបន់ មិនមែនកើតឡើងដោយការចៃដន្យ ឬទេវតាជាអ្នកផ្ដល់ឱ្យនោះទេ ប៉ុន្ដែគឺបានកើតចេញពីការដាក់ចេញនូវផែនការ និងយុទ្ធសាស្រ្ដច្បាស់លាស់របស់ថ្នាក់ដឹកនាំគ្រប់ជំនាន់ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
-សម្ដេចធិបតី ថ្លែងថា ក្នុងរយៈពេល២០ ឆ្នាំនេះ លទ្ធផលដែលយើងទាញបាន តាមរយៈការកែប្រែពីភាពឯកោរបស់យើងទាំងការទូត និងសេដ្ឋកិច្ច យើងចូលទៅក្នុងសមាហរណកម្ម ជាមួយនឹងយន្តការពហុភាគី យន្តការតំបន់ ធ្វើឲ្យកម្ពុជារីកចម្រើន ។
-សម្ដេចធិបតី ថ្លែងថា បើយើងមិនហ៊ានប្រកួតប្រជែងនៅខាងក្រៅ គឺយើងមិនអាចពង្រឹងសមត្ថភាពខ្លួនឯងបានទេ ដូច្នេះហើយទើបកម្ពុជា ត្រូវចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤នោះ គឺប្រទេសកម្ពុជា បានក្លាយជាសមាជិកទី១៤៨។
-សម្ដេចធិបតី ថ្លែងថា នៅពេលយើងចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក គឺយើងត្រូវពង្រឹងសមត្ថភាព និងការធ្វើពាណិជ្ជកម្មផ្ទៃក្នុងរបស់កម្ពុជាឱ្យខ្លាំងក្លា ដើម្បីឈានទៅប្រកួតប្រជែងជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក ដូច្នេះការងារនេះយើងបានធ្វើមក ២០ឆ្នាំហើយ។
-សម្ដេចធិបតី ថ្លែងថា ទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺបន្តអនុវត្តនូវទិសដៅ និងចក្ខុវិស័យច្បាស់របស់កម្ពុជា ដែលដឹកនាំដោយរាជរដ្ឋាភិបាលអាណត្តិមុន គ្រាន់តែពេលនេះ ដើម្បីឱ្យសម្រេចបានដល់គោលដៅដែលបានកំណត់ វិធីសាស្រ្ដមួយចំនួនគឺត្រូវប្រែប្រួល ប៉ុន្ដែទិសដៅរបស់យើងមិនប្រែប្រួលទេ។
-សម្ដេចធិបតី ថ្លែងថា តើយើងត្រូវពឹងគេបន្តក់ទឹកដើម្បីរស់រហូត ឬត្រូវពឹងលើខ្លួនឯង? ចំលើយគឺប្រាកដណាស់ យើងមិនអាចពឹងគេរហូតទេ គឺយើងត្រូវមានភាពរឹងមាំ និងអាចពឹងផ្អែកដោយខ្លួនឯងចំពោះការអភិវឌ្ឍជាតិរបស់យើង។
-សម្ដេចធិបតី ថ្លែងថា ការបើកច្រកពាណិជ្ជកម្ម គឺជាការលំបាកមួយហើយ ប៉ុន្ដែការរក្សាបាននូវច្រកដែលបើកនោះ គឺរឹតតែលំបាកថែមទៀត ដូច្នេះហើយវិស័យឯកជន ដែលជាអ្នកផលិត ត្រូវតែធ្វើយ៉ាងណារក្សាឱ្យបាននូវស្ដង់ដា និងគុណភាពផលិតផលរបស់កម្ពុជា ឱ្យមានស្ដង់ដាល្អ និងមានទំនើបកម្មជានិច្ច។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលបន្តពង្រឹង និងលើកកម្ពស់ពាណិជ្ជកម្មសេរីជាមួយប្រទេសជាដៃគូអភិវឌ្ឍន៍ទាំងអស់ ដោយឈរលើអភិក្រមរក្សាចាស់ បង្កើនថ្មី សម្រាប់ទីផ្សារ និងពាណិជ្ជកម្មរបស់កម្ពុជា ពីព្រោះដើម្បីឈានទៅកម្ពុជាចាកចេញពីប្រទេសក្រីក្រ ចាំបាច់គឺត្រូវពង្រឹងផលិតផល និងសេវាខាងក្នុង និងពង្រីកទីផ្សារខាងក្រៅ។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលកំពុងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងនោះមានដូចជា កំពង់ផែកំពត និងហេដ្ឋារចនាសម្ព័ន្ធផ្លូវហាយវ៉េ និងផ្លូវដែករបស់កម្ពុជា។
-សម្ដេចធិបតី បានប្រកាសរកដៃគូ ឬ វិស័យឯកជនណាមួយ ដើម្បីស្ដារទន្លេនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតំបន់ខាងលើដែលភាគច្រើនគោករាក់ដោយសារ ដីល្បាប់ ដែលបង្កឱ្យរាំងស្ទះដល់ផ្លូវនាវា។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ត្រូវស្ដារល្បាប់នៅបាតទន្លេ ដើម្បីពង្រឹងប្រព័ន្ធនាវាចរណ៍ ឱ្យតភ្ជាប់ប្រទាក់ក្រឡាជាមួយប្រព័ន្ធដឹកជញ្ជូននានាឱ្យបានល្អនៅទូទាំងប្រទេស។
-សម្ដេចធិបតី ថ្លែងបញ្ជាដល់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យសិក្សាបញ្ចប់គម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជាឱ្យចប់សព្វគ្រប់នៅត្រឹមដំណាច់ឆ្នាំ២០២៤នេះ។ សម្ដេចធិបតី បានព្រមានថា បើសិក្សាមិនបានចប់សព្វគ្រប់នៅដំណាច់ឆ្នាំនេះទេ សម្ដេចនឹងដកចេញពីតំណែង។
-សម្ដេចធិបតី ថ្លែងថា បច្ចុប្បន្នកម្ពុជាកំពុងជំរុញពន្លឿនការអភិវឌ្ឍផ្លូវដែក ដើម្បីជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាពិសេសលើវិស័យឡូជីស្ទីក។
-សម្ដេចធិបតី ប្រកាសជំរុញឱ្យសភាពាណិជ្ជកម្មកម្ពុជា ដើរតួនាទីក្នុងវិស័យឯកជនលើកយកបញ្ហាដែលកើតមានរបស់វិស័យឯកជនដាក់ជូនរាជរដ្ឋាភិបាលធ្វើការដោះស្រាយ ដើម្បីធ្វើយ៉ាងណាជំរុញឱ្យការធ្វើពាណិជ្ជកម្មរបស់កម្ពុជាគ្មានការរាំងស្ទះ និងអាចប្រកួតប្រជែងបានល្អ។
-សម្ដេចធិបតី ថ្លែងដល់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាឱ្យបន្តចាត់វិធានការចំពោះបុគ្គលដែលតាំងខ្លួនជាព្រះ តាំងខ្លួនជាបារមីនានា ដើម្បីកុំឱ្យមានការផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គម។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ពលរដ្ឋគ្រប់រូបមានសិទ្ធិជឿលើជំនឿនានាប៉ុន្តែមិនត្រូវផ្សព្វផ្សាយឱ្យមានការយល់ច្រឡំនៅក្នុងស្រទាប់មហាជននោះឡើយ៕
ដោយ៖ តារា