ភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធើ្វសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចរួចព្យាយាមជិះគេចខ្លួន ត្រូវបានកម្លាំងសមត្ថកិច្ចធើ្វការស្រាវជ្រាវឃាត់ខ្លួនបានមកវិញកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ចំណុចលើផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យទី១-ឈ្មោះ ទ្រី ប៊ុនហាប់ ហៅ ហាប់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ។
ទី២-ឈ្មោះ ហ៊ុន សេង ហៅ សេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះមានឈ្មោះ ផាន គីមហួយ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួលពុំចាំលេខ ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ជនសង្ស័យទាំងពីរនាក់បានជិះម៉ូតូឌុបគ្នាធ្វេីសកម្មភាពឆក់ទូរសព្ទដៃពីជនរងគ្រោះបានសម្រេច នៅចំណុចលើដងផ្លូវលេខ២៩១ ក្រុមទី៦៤ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហេីយគេចខ្លួនបាត់ស្រមោល។ បន្ទាប់មកជនរងគ្រោះបានទីដាក់ពាក្យបណ្តឹងសុំការអន្តរាគមន៍ពីសមត្ថកិច្ច ។ ក្រោយពីទទួលពាក្យបណ្តឹងរួចសមត្ថកិច្ចជំនាញខណ្ឌទួលគោកក៏បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់តែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួនសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់បន្តតាមនីតិវិធី ៕
ដោយ៖ សុខាសែនជ័យ