ព័ត៌មានទាន់ហេតុការណ៍៖

ដោយសាររឿងមួយនេះក៏ក្លាយទៅជារឿងគំនុំដែលនឹកស្មានមិនដល់បែបនេះទៅវិញ

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចនគរបាលទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តម​សេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរង​ កាលពីព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ បានសហការជាមួយកម្លាំងនគរបាលស្រុកថ្មគោល ដែលមានលោកវរសេនីយ៍ទោ សេង លុច ជាអធិការ ចុះធ្វើការនាំខ្លួនបុរសម្នាក់ឈ្មោះយ៉ាន ណាក់ អាយុ៣៧ឆ្នាំ ស្នាក់នៅក្នុងភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង នាំមកធ្វើការសាក​សួរនៅអធិការដ្ឋាននគរបាលស្រុក កក្នុងករណីប៉ុនប៉ង​ឃាតកម្ម​(ទៅលើអ្នកដទៃ)និងប៉ុនប៉ង​បំផ្លិចបំផ្លាញទ្រព្យសម្បត្តិទៀតផង ។

សូមជម្រាបជូនថា នៅមុនពេលធ្វើការនាំខ្លួនមកធ្វើ ការសាកសួរនេះ ជនសង័្សយខាងលើ បានជិះម៉ូតូតែម្នាក់ឯងស្វែង រកជួលមនុស្សឱ្យប្រព្រឹត្តិសកម្មភាពដូចខាងលើទៅលើមនុស្សចំនួន ០២នាក់ ដែលត្រូវជាសាច់ញ្ញាតិរបស់ខ្លួនដែរ រស់នៅក្នុងមូលដ្ឋានឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយកំណត់តម្លៃនៃការធ្វើសកម្មភាព ដូចខាងក្រោមគឺ៖

-បើដុតផ្ទះឱ្យតម្លៃ ៣០ម៉ឺនរៀល

-បើដុតរថយន្តឱ្យតម្លៃ ៦០ម៉ឺនរៀល

-បើកាប់មនុស្សទាំង០២នាក់នោះ មួយកាំបិតឱ្យតម្លៃ ៣០ម៉ឺនរៀល(តម្លៃគឹតតាមមុខកាំបិត)ដែលកាប់បាន។ 

ហើយចំពោះឧបករណ៍ធ្វើសកម្មភាពគេជាអ្នករៀបចំឱ្យមួយចប់រួមមាន៖(ដបសាំង-ដែកកេះ​ កាំបិត​ រូបថត ជនរងគ្រោះ​ និងប្លង់ផ្ទះរបស់ជនរងគ្រោះ)។

ប្រភពដដែលបន្តថា​ នៅពេលដែលបុរសខាងលើស្វែងរកអ្នក(ជួល) ព្រមគ្នាសមត្ថកិច្ចនគរបាលក៏ទទួលបានព័ត៌មាននេះ ភ្លាមដែររួចក៏ផ្តើមធ្វើការស្រាវជ្រាវ ស្របតាមជំនាញរបស់កម្លាំងសមត្ថកិច្ច​ រហូតកំណត់មុខសញ្ញាបាននិងឈានទៅដល់ការនាំខ្លួនរូបគេមកធ្វើការសាកសួរក្នុងនោះត្រូវបានដកហូតវត្ថុតាងដែលជនសង័្សយរូបនេះបានត្រៀមបម្រុងរួចជាស្រេចក្នុង ការប៉ុនប៉ងធ្វើសកម្មភាពនោះគឺ៖

-ដបសាំងចំនួន ០៤ដប ស្មើនឹង ០៤លីត្រ

-ពូថៅដែក ដងដែក ចំនួន០១ 

-កាំបិត​តចុងស្រួចផ្លែដែក ដងជ័រ ចំនួន០១

-ដែកកេះ ចំនួន០២ 

-ដែករុំក្រណាត់សម្រាប់ដាក់ប្រេងសាំងដុ-ត ចំនួន០១

-រូបថត ចំនួន០៣សន្លឹក(ផ្ទៈនិងរូបថតជនរងគ្រោះ)ជាគោលដៅ

-ក្រដាស់គូរប្លង់ផ្ទះជនរងគ្រោះ០១សន្លឹក។

ក្រោយធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានដើរស្វែងរកជួលមនុស្សឱ្យធ្វើសកម្មភាពខាងលើពិតប្រាកដមែន ក្នុងនោះបានត្រៀមបម្រុងនូវមធ្យោបាយដូចខាងលើទៀតផង ហើយមូលហេតុ ដែលរូបគេប៉ុនប៉ងធ្វើដូច្នេះគឺដោយសារខឹងនឹងមនុស្សខាងលើ មើលងាយថាខ្លួននេះរកស៊ីមិនមានដូចគេ ។

លោកស្នងការខេត្ត​​ ក៏បានបញ្ជាក់ដែរថា​ នេះអាចចាត់ទុកជាមហាសំណាងណាស់ ក្នុងករណីដ៏ឃោរឃៅនេះ ប្រសិនបើសមត្ថកិច្ចមិនបានចាត់ វិធានការ រកឱ្យឃើញជាមុនទេនោះ ពិតណាស់សោកនាដកម្ម មួយនឹងកើតមាននៅក្នុងមូលដ្ឋាននាំបង្កឱ្យមានការ បាត់បង់អាយុជីវិតរបួសពិការមនុស្សនិងអន្តរាយដល់ទ្រព្យសម្បត្តិដ៏ធំធេងទៀតផង។

ប៉ុន្តែ​ទោះបីជាយ៉ាងនេះក្តីពេលនេះសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទាំងមនុស្សនិងវត្ថុតាងមកផែនជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ហើយ៕

ដោយ​៖ តារា


ចែករំលែក៖