ខេត្តបាត់ដំបង៖ លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃចន្ទទី១៤ ខែតុលា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរង កាលពីព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ បានសហការជាមួយកម្លាំងនគរបាលស្រុកថ្មគោល ដែលមានលោកវរសេនីយ៍ទោ សេង លុច ជាអធិការ ចុះធ្វើការនាំខ្លួនបុរសម្នាក់ឈ្មោះយ៉ាន ណាក់ អាយុ៣៧ឆ្នាំ ស្នាក់នៅក្នុងភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង នាំមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក កក្នុងករណីប៉ុនប៉ងឃាតកម្ម(ទៅលើអ្នកដទៃ)និងប៉ុនប៉ងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិទៀតផង ។
សូមជម្រាបជូនថា នៅមុនពេលធ្វើការនាំខ្លួនមកធ្វើ ការសាកសួរនេះ ជនសង័្សយខាងលើ បានជិះម៉ូតូតែម្នាក់ឯងស្វែង រកជួលមនុស្សឱ្យប្រព្រឹត្តិសកម្មភាពដូចខាងលើទៅលើមនុស្សចំនួន ០២នាក់ ដែលត្រូវជាសាច់ញ្ញាតិរបស់ខ្លួនដែរ រស់នៅក្នុងមូលដ្ឋានឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយកំណត់តម្លៃនៃការធ្វើសកម្មភាព ដូចខាងក្រោមគឺ៖
-បើដុតផ្ទះឱ្យតម្លៃ ៣០ម៉ឺនរៀល
-បើដុតរថយន្តឱ្យតម្លៃ ៦០ម៉ឺនរៀល
-បើកាប់មនុស្សទាំង០២នាក់នោះ មួយកាំបិតឱ្យតម្លៃ ៣០ម៉ឺនរៀល(តម្លៃគឹតតាមមុខកាំបិត)ដែលកាប់បាន។
ហើយចំពោះឧបករណ៍ធ្វើសកម្មភាពគេជាអ្នករៀបចំឱ្យមួយចប់រួមមាន៖(ដបសាំង-ដែកកេះ កាំបិត រូបថត ជនរងគ្រោះ និងប្លង់ផ្ទះរបស់ជនរងគ្រោះ)។
ប្រភពដដែលបន្តថា នៅពេលដែលបុរសខាងលើស្វែងរកអ្នក(ជួល) ព្រមគ្នាសមត្ថកិច្ចនគរបាលក៏ទទួលបានព័ត៌មាននេះ ភ្លាមដែររួចក៏ផ្តើមធ្វើការស្រាវជ្រាវ ស្របតាមជំនាញរបស់កម្លាំងសមត្ថកិច្ច រហូតកំណត់មុខសញ្ញាបាននិងឈានទៅដល់ការនាំខ្លួនរូបគេមកធ្វើការសាកសួរក្នុងនោះត្រូវបានដកហូតវត្ថុតាងដែលជនសង័្សយរូបនេះបានត្រៀមបម្រុងរួចជាស្រេចក្នុង ការប៉ុនប៉ងធ្វើសកម្មភាពនោះគឺ៖
-ដបសាំងចំនួន ០៤ដប ស្មើនឹង ០៤លីត្រ
-ពូថៅដែក ដងដែក ចំនួន០១
-កាំបិតតចុងស្រួចផ្លែដែក ដងជ័រ ចំនួន០១
-ដែកកេះ ចំនួន០២
-ដែករុំក្រណាត់សម្រាប់ដាក់ប្រេងសាំងដុ-ត ចំនួន០១
-រូបថត ចំនួន០៣សន្លឹក(ផ្ទៈនិងរូបថតជនរងគ្រោះ)ជាគោលដៅ
-ក្រដាស់គូរប្លង់ផ្ទះជនរងគ្រោះ០១សន្លឹក។
ក្រោយធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានដើរស្វែងរកជួលមនុស្សឱ្យធ្វើសកម្មភាពខាងលើពិតប្រាកដមែន ក្នុងនោះបានត្រៀមបម្រុងនូវមធ្យោបាយដូចខាងលើទៀតផង ហើយមូលហេតុ ដែលរូបគេប៉ុនប៉ងធ្វើដូច្នេះគឺដោយសារខឹងនឹងមនុស្សខាងលើ មើលងាយថាខ្លួននេះរកស៊ីមិនមានដូចគេ ។
លោកស្នងការខេត្ត ក៏បានបញ្ជាក់ដែរថា នេះអាចចាត់ទុកជាមហាសំណាងណាស់ ក្នុងករណីដ៏ឃោរឃៅនេះ ប្រសិនបើសមត្ថកិច្ចមិនបានចាត់ វិធានការ រកឱ្យឃើញជាមុនទេនោះ ពិតណាស់សោកនាដកម្ម មួយនឹងកើតមាននៅក្នុងមូលដ្ឋាននាំបង្កឱ្យមានការ បាត់បង់អាយុជីវិតរបួសពិការមនុស្សនិងអន្តរាយដល់ទ្រព្យសម្បត្តិដ៏ធំធេងទៀតផង។
ប៉ុន្តែទោះបីជាយ៉ាងនេះក្តីពេលនេះសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទាំងមនុស្សនិងវត្ថុតាងមកផែនជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ហើយ៕
ដោយ៖ តារា