ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីកម្ពុជាគ្រោងនឹងជិះរថភ្លើងពិនិត្យផ្លូវដែក

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថា នៅថ្ងៃណាមួយ សម្តេចនឹងទៅជិះរថភ្លើង ដោយមិនប្រាប់ជាមុន ដើម្បីពិនិត្យជាក់ស្តែង ព្រោះផ្លូវដែកនេះ គឺជារឿងមួយសំខាន់ ក្នុងការដឹកជញ្ជូនមនុស្ស និងការដឹកជញ្ជូនទំនិញ គឺកាត់បន្ថយការចំណាយ និងពេលវេលាបានច្រើន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ (១៣ តុលា ២០០៤ – ១៣ តុលា ២០២៤) នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។

សម្ដេចបវរធិបតី បានថ្លែងថា រាជរដ្ឋាភិបាល កំពុងកសាងហេដ្ឋារចនាសម្ព័ន្ធដែលជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ជាក់ស្ដែង, រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវ ការនូវកំពង់ផែពហុបំណងកំពត និងចាប់ផ្ដើមបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន តេជោ ដែលនឹងកាត់បន្ថយរយៈពេល, ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន, បង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម, និងអភិវឌ្ឍផែរណបថ្មីៗជាច្រើន ។

សម្ដេច ថា យើងកំពុងតែចរចា ដើម្បីធ្វើបន្ថែមទៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវហាយវ៉េ ហើយក្រៅពីនោះគឺប្រព័ន្ធផ្លូវដែក ដែលជាក់ស្តែងនៅពេលនេះយើងមានផ្លូវដែកមួយចំហៀងពី ជើងទៅត្បូង ដែលខ្ញុំបានឱ្យគោលការរួចហើយដល់ក្រសួងពាក់ព័ន្ធ ជាមួយក្រុមហ៊ុន ដើម្បីធ្វើយ៉ាងណាចរចារឱ្យបានចេញជាការចុះអនុស្សរណៈយោគយល់គ្នា (MoU) ឱ្យបានយ៉ាងយូរនៅចុងឆ្នាំនេះ ពីព្រោះបញ្ហាផ្លូវដែកនេះបានកកស្ទះគាំងរាប់ឆ្នាំមកហើយ ដោយយើងត្រូវពង្រឹងនិងមិនអាចទុកតទៅទៀតបានទេ ហើយទៅថ្ងៃខាងមុខ យើងអាចពិនិត្យលទ្ធភាពរឿងផ្លូវដែកពីភ្នំពេញ ទៅទិសខាងកើតបន្ថែមទៀតដើម្បីភ្ជាប់ ពីព្រោះផ្លូវដែកនេះ វាបានជួយច្រើនក្នុងការដឹកជញ្ជូន និងកាត់បន្ថយការចំណាយ ។

សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ផ្លូវទឹកយើងមានហើយ យើងនឹងបន្តភ្ជាប់ព្រែកជីកពីផ្លូវសមុទ្រ មកផ្លូវទន្លេ ដែលមកដល់ពេលនេ រាជរដ្ឋាភិបាលកំពុងតែរកអ្នកស្តារទន្លេនៅផ្នែកខាងលើ ខណៈដែលនៅខាងខេត្តកំពង់ចាម ខេត្តក្រចេះ នៅមានខ្សាច់ច្រើន យើងត្រូវការអ្នកស្តារទន្លេ ដើម្បីឱ្យផ្លូវទឹកកាន់តែងាយស្រួល៕

ដោយ ៖ សិលា


ចែករំលែក៖