ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនឃាត់ខ្លួនពាក់ព័ន្ធនឹងករណីគ្រឿងញៀនខណៈដែលប្រជាពលរដ្ឋព្រួតគ្នាចូលទៅឃាត់បានមន្ត្រីគ្រឿងញៀនម្នាក់វិញដោយសារប្រជាពលរដ្ឋខឹងថាចាប់មនុស្សបញ្ចូលទៅក្នុងរថយន្តដោយគ្មានមូលហេតុ។
ហេតុការណ៍ខាងលើនេះបង្កការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅចំណុចក្បែរផ្សារឯករាជ្យ២ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីនារីម្នាក់ត្រូវជាបងស្រីបង្កើតរបស់យុវជនម្នាក់ដែលត្រូវកម្លាំងឃាត់បញ្ចូលរក្នុងថយន្ត បានរៀបរាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ដោយយុវជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាស្គូពីពណ៌ខ្មៅមួយគ្រឿងមិនចាំស្លាកលេខចេញពីផ្ទះទៅទិញម្អូបនៅម្តុំផ្សារឯករាជ្យ២ ខណៈពេលជនរងគ្រោះជិះមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខក្រុមសុីវិលព្រមទាំងខាងកងកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនមានទាំងសុីវិលនឹងឯកសណ្ឋានសមត្ថកិច្ចជាច្រើននាក់មកចាប់ក្រៀកបុរសរងគ្រោះរួចក៏ចាប់ញាត់ដាក់ក្នុងរថយន្ត ម៉ាក Lexus មួយគ្រឿងពណ៌សមិនចាំស្លាកលេខ ភ្លាមនោះដែរក៏មានការប្រតាយប្រតប់គ្នាជាមួយភាគី បងប្អូនជនរងគ្រោះនិងប្រជាពលរដ្ឋផ្អើលពេញដងផ្លូវ រួចរថយន្តបានបើកដឹកយុវជនរងគ្រោះគេចចេញពីចំណុចកើតហេតុបាត់ស្រមោលតែម្តង ភ្លាមៗនោះដែរប្រជាពលរដ្ឋក៏បាននាំគ្នាឃាត់ខ្លួន មន្រ្តីផ្នែកគ្រឿងញៀនម្នាក់វិញផងដែរ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានខណ្ឌពោធិ៍សែនជ័យចុះមកដល់ក៏នាំខ្លួនមន្រ្តូីនគរបាលគ្រឿងញៀនម្នាក់ដែលពលរដ្ឋឃាត់បាន រួមទាំងភាគីគ្រួសារបុរសខាងលេីទៅផ្នែកជំនាញដើម្បីសួរនាំនិងដោះស្រាយគ្នាតាមក្រោយ៕
ដោយ៖ រ៉ារ៉ា