ភ្នំពេញ៖ ម៉ូតូធុនធំSL អ្នកបេីកខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកម៉ូតូclickនៅផ្លូវបំបែកជាបួនបណ្តាលឱ្យរងរបួសធ្ងន់ស្រាលចំនួន៣នាក់ ។
ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី១៥ខែតុលាឆ្នាំ២០២៤ ត្រង់ចំណុចភ្លើងស្តុបវិទ្យាល័យទួលស្វាយព្រៃ ផ្លូវម៉ៅសេទុងកែងផ្លូវលេខ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុ គេឃើញបុរស២នាក់បានជិះម៉ូតូម៉ាកហុងដាclick ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BB-8968 ធ្វើដំណើរតាមផ្លូវលេខ១៩៩ក្នុងទិសដៅពីកេីតទៅលិច។លុះមកដល់ចំណុចកេីតហេតុដែលជាផ្លូវបំបែកជាបួន ក៏ស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូធុនធំម៉ាកSL ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HG-7884 បោះពួយតាមបណ្ដោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនជាន់ហ្រ្វ័ងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូclick ចំពាក់កណ្ដាលយ៉ាងពេញទំហឹង បណ្តាលឱ្យម៉ូតូទាំង២គ្រឿងដួលខ្ទាតអូសទៅចិញ្ចេីមផ្លូវ ព្រមទាំងធ្វើអោយបុរសជាអ្នកបេីកម៉ូតូ click រងរបួសសន្លប់ស្ដូកស្ដឹង ចំណែកអ្នកអង្គុយក្រោយរងរបួសតិចតួច ។
រីឯខាងម៉ូតូធុនធំវិញ អ្នកជិះរងរបួសបែកក្បាលពកថ្ងាស ហេីយអ្នកទាំង២ដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតហៅពេទ្យរុស្ស៊ីផងដែរ ។
ក្រោយពេលកេីតហេតុ នៅសល់តែម៉ូតូទាំង២គ្រឿងមិនអាចដោះស្រាយគ្នាបាន ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍វាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងដេីម្បីរង់ចាំដំណោះស្រាយ ៕
ដោយ៖សុខាសែនជ័យ