ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ ការបោះបង្គោលព្រំដែន និងការស្ថាបនាផ្លូវតាមខ្សែបន្ទាត់ព្រំដែន គឺជាការអនុវត្តគោលនយោបាយ ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ ភារកិច្ចស្នូលរបស់កងកម្លាំងក្នុងសម័យសន្តិភាព គឺការពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដាប្រទេសជិតខាង និងស្ថាបនាខឿនការពារជាតិជាហេដ្ឋារចនាសម្ព័ន្ធតាមបន្ទាត់ព្រំដែន មិនបង្កើតឲ្យមានបញ្ហានៅតាមតំបន់បន្ទាត់ព្រំដែន ដោយអនុវត្តតាមគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន និងបន្តអនុវត្តប្រកបដោយភាពប៉ិនប្រសប់ ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឲ្យព្រំដែនក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ការគូសបញ្ជាក់បែបនេះរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានធ្វើឡើងក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ កម្លាំងវិស្វកម្ម អគ្គបញ្ជាការ និងកម្លាំងប្រដាប់អាវុធតាមព្រំដែន នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅភូមិសាស្ត្រស្រុកអូររាំង និងស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ 

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីតស៊ូ លះបង់កម្លាំងកាយចិត្ត និងជម្នះគ្រប់ឧបសគ្គ ប្រកបដោយវីរភាពអង់អាចក្លាហានរបស់កងកម្លាំងនៃកងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ ដែលអនុវត្តភារកិច្ចយាមល្បាតផង ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមផង ព្រមទាំងកសាងផង ជាក់ស្ដែងកងកម្លាំងវិស្វកម្ម អគ្គបញ្ជាការ បាននិងកំពុងស្ថាបនាផ្លូវតាមបន្ទាត់ព្រំដែន ដោយមិនគិតពីបញ្ហាប្រឈមដល់អាយុជីវិតដោយសារផ្ទុះមីន និងជំងឺឆ្លងជាដើម។ 

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ បានយកឱកាសនេះរម្លឹកដល់កងកម្លាំងទាំងអស់អំពីភារកិច្ចស្នូលរបស់ខ្លួនគឺ៖ ការពារជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ហើយកម្ទេចចោលជនណាដែលបំផ្លាញនូវសន្តិភាព, យើងទាំងអស់គ្នាត្រូវថែរក្សាសន្តិភាពឱ្យខាងតែបាន។ 

ជាមួយនោះ ឯកឧត្ដម អគ្គមេបញ្ជាការ បានណែនាំដល់កងឯកភាពស្ថាបនាផ្លូវថ្នល់ ចំណុះបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ត្រូវខិតខំធ្វើការឱ្យមានគុណភាព, ប្រុងប្រយ័ត្នកុំឱ្យមានគ្រោះថ្នាក់, សហការល្អជាមួយសមត្ថកិច្ច អាជ្ញាធរដែនដីកុំឱ្យមានប្រព្រឹត្តិបទល្មើស, ថែរក្សាសុខភាពឱ្យបានល្អ និងបង្កបង្កើនផល ដាំដុះ និងចិញ្ចឹមសត្វទុកជាអាហារ។ ឯកឧត្ដម ក៏បានសំណូមពរដល់អាជ្ញាធរខេត្តឱ្យឧស្សាហ៍មកជួបសំណេះសំណាលជាមួយកងកម្លាំង និងណែនាំប្រាប់កងកម្លាំងដើម្បីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។ 

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជាថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់កម្លាំងវិស្វកម្ម អគ្គបញ្ជាការ និងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញបេសកកម្មនៅតាមបន្ទាត់ព្រំដែនផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖