ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសាកសពស្ត្រីម្នាក់អណ្តែតទឹកទន្លេបាសាក់

ចែករំលែក៖

ភ្នំពេញ ៖​ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពស្ត្រីម្នាក់អណ្តែតទឹកទន្លេបាសាក់ មានសភាពហើមស្អុយរលួយ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ  ។ 

ប្រភពព័ត៌មានបានឱ្យដឹងថា ពេលគេឃេីញសពស្ត្រីម្នាក់ដែលមានសភាពហេីមរលួយស្អុយអណ្ដែតទឹកទន្លេបាសាក់ គេក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីឱ្យចុះមកពិនិត្យ។ បន្ទាប់ពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋសមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុឃេីញមានសពស្ត្រីខាងលេីអណ្តែតទឹក រួចបានទាក់ទងទៅអ្នកនេសាដើម្បីអូសសាកសពយកមកលើគោក ហើយក៏ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញខាងកោសល្យវិច័យនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចុះពិនិត្យសពតើស្លាប់មកពីមូលហេតុអ្វី។ 

បើតាមការសន្និដ្ឋានពីសមត្ថកិច្ចជំនាញកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសន្និដ្ឋានថា សពស្ត្រីរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកប្រាកដមែន ពុំមានពាក់ព័ន្ធនឹងករណីអ្វីផ្សេងនោះទេ ហើយសពយកទៅតម្កល់នៅវត្តនៅវត្តចំពុះក្អែក ដើម្បីរង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖