ខេត្តហឺណាន ៖ បន្ទាប់ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមកីឡាករ កីឡាការីនី ចូលរួមព្រឹត្តិការណ៍បើកពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣និងព្រឹត្តិការណ៍ «ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» ដោយជោគជ័យយ៉ាងត្រចះត្រចង់គួរជាទីមោទនៈជូនជាតិរួចមក លោករដ្ឋមន្រ្តី ហួត ហាក់ បានទទួលជួបជាមួយបណ្តាក្រុមហ៊ុន សហគ្រាសទេសចរណ៍សំខាន់ៗរបស់ក្រុងចឹងចូវ និងខេត្តហឺណាន សរុបចំនួន ២២ ក្រុមហ៊ុន និងសហគ្រាស ដែលជាក្រុមហ៊ុនរៀបចំកញ្ចប់ទស្សនកិច្ច ក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារលំដាប់ខ្ពស់ និងនាំភ្ញៀវទេសចរ រួមជាមួយផ្នែកពាក់ព័ន្ធ ដូចជាប្រព័ន្ធផ្សព្វផ្សាយ ទូរទស្សន៍ វិទ្យុចិន សមាគមទេសចរណ៍ខេត្តហឺណាន សមាគមវ៉ូស៊ូខេត្តហឺណាន ជាដើម។
ក្នុងឱកាសនៃជំនួប លោករដ្ឋមន្រ្តី បានបញ្ជាក់ជូនអំពីសក្តានុពល និងគោលដៅទេសចរណ៍ ជាពិសេសឱកាសនៃការវិនិយោគនៅកម្ពុជា ជាមួយគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល។
បន្ទាប់ពីបានជួបពិភាក្សាការងារ ក្រុមហ៊ុនទាំងអស់បានឯកភាពថានឹងរៀបចំដំណើរទស្សនកិច្ចទៅស្វែងយល់បន្ថែមពីគោលដៅទេសចរណ៍ថ្មីៗរបស់កម្ពុជា ព្រមទាំងបង្កើតកញ្ចប់ទស្សនកិច្ចថ្មីៗដើម្បីទាក់ទាញភ្ញៀវទេសចិន និងបរទេស ពីខេត្តហឺណាន និងខេត្តជុំវិញ មកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន ក្នុងគោលដៅជំរុញលំហូរភ្ញៀវទេសចរមកកម្ពុជាយ៉ាងហោចណាស់ ឱ្យបាន១លាននាក់ ក្នុង១ឆ្នាំ៕
ដោយ ៖ សិលា