ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីក្រសួងធនធានទឹកចុះពិនិត្យមើលស្រូវវស្សាដែលប្រឈមការខ្វះទឹកនៅតំបន់ខ្លះដើម្បីជួយសង្គ្រោះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីក្រសួង ធនធានទឹកនិងឧតុនិយមបាននិងកំពុងចុះពិនិត្យមើលដើម្បីរកវិធីជួយបូមទឹកសង្គ្រោះ ទៅលើដំណាំស្រូវវស្សានៅតំបន់ខ្លះក្នុង ខេត្តបន្ទាយមានជ័យ ដែលកំពុងប្រឈម នឹងបញ្ហាខ្វះខាតទឹកនោះ ។

កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ លោក គោស៊ុំ សារឿត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយមបានចុះ ពិនិត្យមើលស្ថានភាពស្រូវវស្សារបស់ប្រជាកសិករនៅក្នុងតំបន់ដែលកំពុងទទួលរង បញ្ហាខ្វះទឹកក្នុងភូមិសាស្ត្រខេត្ត បន្ទាយ មានជ័យ ក្នុងនោះមានស្រុកស្វាយចេក ស្រុកថ្មពួក និងភាគខ្លះនៃក្រុងសិរីសោភ័ណ ដែលទទួលរបបទឹកភ្លៀងបានតិចតួចជាងគេនោះ ។

នៅក្នុងស្រុកស្វាយចេក និងស្រុកថ្មពួក លោក គោ ស៊ុំ សារឿត បានធ្វើការក្រើនរម្លឹក ដល់មន្ត្រីជំនាញ ធនធានទឹកខេត្ត-ស្រុក ត្រូវរួមជាមួយអាជ្ញាធរដែនដី និងប្រជា ពលរដ្ឋបន្តការយកចិត្តទុកដាក់ខិតខំពិនិត្យមើលជាប្រចាំក្នុងការត្រៀមដោះស្រាយ បញ្ហាប្រឈមនេះដើម្បីធ្វើអន្តរាគមន៍ជា បន្ទាន់ជួយសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករនៅលើតំបន់ណាដែលមានប្រភពទឹកអាចជួយបាននោះ ។

លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ បានឱ្យដឹងកាលពីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ថា មន្ទីរបានយកម៉ាស៊ីនបូមទឹក២គ្រឿងទៅបូមទឹកជួយសង្គ្រោះដំណាំស្រូវរាប់រយហិកតា នៅក្នុងសង្កាត់ភ្នៀត ក្រុង សិរីសោភ័ណដែលកំពុងតែប្រឈមនឹង ការខូចខាតនោះ ។

លោកទុំ មៀល ចៅសង្កាត់ភ្នៀតបាន ឱ្យដឹងថា ឆ្នាំនេះសង្កាត់ភ្នៀតការដាំដុះ ដំណាំស្រូវឡើងទឹករបស់ប្រជាកសិករធ្វើបានលើផ្ទៃដីសរុប១៥០០ហិកតា ហើយ កំពុងប្រឈមការខូចខាតប្រហែល៨០០ ហិកតា ដោយសង្កាត់ភ្នៀតទទួលនូវរបប ទឹកភ្លៀងតិចតួចក្នុងរយៈពេលជាង១ខែ​ចុងក្រោយនេះ ។

លោកយឹម ប៊ុនរ៉ុម បានឱ្យដឹងដែរថា បញ្ហារាំងស្ងួតដែលបង្កផលប៉ះពាល់ដល់ ដំណាំស្រូវ ខាងមន្ទីរកន្លងមកតែងតែយកចិត្តទុកដាក់ជួយបូមទឹកសង្គ្រោះស្រូវរបស់ប្រជាកសិករយើងបានមួយចំនួនធំនៅក្នុងស្រុកមង្គលបុរីនិងស្រុកភ្នំស្រុកចំពោះទីតាំងស្រែដែលនៅក្បែរប្រភពទឹក ។ ដោយឡែកសម្រាប់ដំណាំស្រូវដែលនៅឆ្ងាយពីប្រភពទឹកយើងមិនអាចជួយបាននោះទេ ។

ដំណាំស្រូវដែលជួយសង្រ្គោះនៅស្រុកមង្គលបុរីនិងស្រុកភ្នំស្រុកសរុបបានប្រហែល៦០០ហិកតា ។ ស្រុកដែលប្រឈមខ្វះទឹក រងផលប៉ះពាល់ដល់ដំណាំស្រូវរួមមាន ស្រុកថ្មពួក ស្រុកស្វាយចេក ស្រុកព្រះនេត្រព្រះនិងក្រុងសិរីសោភ័ណ ។

របាយការណ៍របស់មន្ទីរកសិកម្មខេត្តបានឱ្យដឹងថា ការងារបង្កបង្កើនផលស្រូវ រដូវវស្សារបស់ប្រជាកសិករទូទាំងខេត្តគិតត្រឹមពាក់កណ្តាលខែសីហានេះដាំដុះរួច សម្រេចបាន១០០ភាគរយនៃផែនការ ២៤៥.០០០ ហិកតា ។

តំបន់មួយចំនួនធំទទួលបានទឹកភ្លៀងល្អដើមស្រូវលូតលាស់ល្អនិងតំបន់ខ្លះទៀត ដែលទទួលបានរបបទឹកភ្លៀងតិចតួចនោះកំពុងប្រឈមការខ្វះទឹកហើយបើការសង្គ្រោះមិនបានទាន់ពេលទេនោះអាចធ្វើឱ្យដំណាំស្រូវរងការខូចខាត ៕ ហេង សូរិយា

Water (2) copy


ចែករំលែក៖