ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែភាពយន្តខ្នាតធំរឿង“គំនុំខ្មោចក្រមុំទាំង៣” ប្រកាសចាក់បញ្ចាំងជាមួយក្តីរំពឹងខ្ពស់

ចែករំលែក៖

ភ្នំពេញ៖ ខ្សែភាពយន្តខ្នាតធំបែបកំប្លែង និងភ័យរន្ធត់គឺរឿង“គំនុំខ្មោចក្រមុំទាំង៣”ប្រកាសចាក់បញ្ចាំងជាផ្លូវការហើយ។ ទាំង ផលិតករសិល្បករដែលចូលរួមផលិតខ្សែភាពយន្តនេះបានដាក់ក្តីរំពឹងខ្ពស់ថា ខ្សែភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើននៅពេលដែលដាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទំនើប។

ជាវណ្ណកម្មលើកដំបូងរបស់ផលិតកម្មបដិហារ្យភាពយន្តរឿង“គំនុំខ្មោចក្រមុំទាំង៣”បានដាក់បញ្ចាំងជាផ្លូវការកាលពីល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នារោង ភាពយន្តMajor Cineplex ផ្សារទំនើប អីុអន​ម៉ល​ រាជធានីភ្នំពេញក្រោមវត្តមាន សិល្បករផលិតករជាច្រើនរូប។

លោកខន រ៉ាម៉ន ហៅយូអីុនជាអ្នកគ្រប់គ្រងទូទៅប្រចាំផលិតកម្មបដិហារ្យភាពយន្តបានថ្លែងថា រឿង“គំនុំខ្មោចក្រមុំទាំង៣”អ្វីដែលជាចំណុចសំខាន់មានបែបកំប្លែងលងរន្ធត់និងជារឿងពិតរបស់សង្គមដែលអាចឆ្លុះបញ្ចាំងជីវិតមនុស្សគ្រប់ស្រទាប់វណ្ណៈ។លោកថា រឿងនេះបានចំណាយពេលថតសុទ្ធប្រមាណជាង៣ខែដោយសារតែក្រុមអ្នកផលិតចង់បានឈុតឆាកនីមួយៗមានភាពឥតខ្មោះនិងមិនចង់ឲ្យតួបង្ខំចិត្តសម្ដែងទាំងហត់ទាំងនឿយ។ លោកបន្តថារឿងនេះចំណាយទុនជិត៦ម៉ឺនដុល្លារ ដោយមិនទាន់បញ្ចូលការចំណាយលើសម្ភារនិងការចំណាយលើការបណ្ដុះបណ្តាលក្រុមបច្ចេកទេសនៅឡើយទេ។ លោកថារឿងនេះក្រៅពីពោរពេញដោយភាពកំប្លែង ភ័យរន្ធត់ ក៏ និយាយ​ពីភាពភ្លើតភ្លើនក្នុងន័យអប់រំ ដល់យុវវ័យឲ្យយល់ពីលទ្ធផលនៃការភ្លើតភ្លើនស្នេហាផងដែរ។

ចាងហ្វាងផលិតកម្មបដិហារ្យភាពយន្តលោកស៊ុម ភារិនបានឲ្យដឹងដែរថាចំណុច សំខាន់ដែលយុវវ័យចូលចិត្តទស្សនាគឺការកំប្លែងតែម្តងនិងមានឈុតឆាករន្ធត់របស់ខ្មោចក្រមុំទាំងបី។ការផលិតរឿងនេះគឺ មាន​ការលំបាកច្រើនដែរប៉ុន្តែយើងទាំង អស់គ្នានៅតែខិតខំដើម្បីចង់ឲ្យវិស័យ សិល្​បៈរីកចម្រើនព្រមទាំងចង់ឲ្យប្រជាជនកម្ពុជាបានស្គាល់ផលិតកម្មបដិហារ្យផងដែរ។ចាងហ្វាងរូបនេះបន្តបញ្ជាក់ទៀតថាផលិតកម្មចង់ធ្វើជាគំរូសម្រាប់លុបបំបាត់ការលួចចម្លងអ្វីដែលជារបស់បរទេសនិង ប្រទេសជិតខាង។ផលិតករគឺជាអ្នកផលិតគឺមិនមែនជាអ្នកលួចចម្លងគេនោះទេក្នុងនាមលោកជាកូនខ្មែរពេលឃើញប្រទេស​ជិតខាងប្រមាថមើលងាយថាប្រទេស​យើងពូកែខាងលួចចម្លងគឺលោកទទួលយកមិនបាន។ដូចនេះហើយរឿងនេះទោះខាតឬ ចំណេញគឺលោកត្រូវតែធ្វើហើយធ្វើរឿងផ្សេងៗទៀតដើម្បីឲ្យកាន់តែទៅមុខ។ក្នុងសាច់រឿងទាំងមូលនេះជាការខិតខំនិពន្ធ របស់លោកទាំងយប់ទាំងថ្ងៃដោយចំណាយពេលចងក្រងទុកប្រហែលជាកន្លះឆ្នាំដើម្បីឲ្យបានសាច់រឿងល្អនិងបង្កប់អត្ថន័យមួយចំនួនដែរ។

តារាកំប្លែង សម្តែង និងចម្រៀង នាយ ចឺម និយាយថាអ្វីដែលលោកសប្បាយចិត្តគឺផលិតកម្មបានប្តេជ្ញាចង់ឲ្យមានស្នាដៃថ្មីៗជាការសម្រេចឡើងពីកូនខ្មែរមិនចម្លងពី បរទេសលោកពិតជារីករាយ។ជាពិសេសសូមទស្សនិកជនជួយគាំទ្រស្នាដៃរឿង«គំនុំខ្មោចក្រមុំទាំង៣»នេះផងដែលជាស្នាដៃដំបូងរបស់បដិហារ្យភាពយន្តដើម្បីបានការលើកទឹកចិត្តព្រោះខាងផលិតកម្មកំពុងតែបោះជំហានកសាងស្នាដៃបន្តបន្ទាប់ទៀតដើម្បីឲ្យកុនខ្មែររីកចម្រើននិងគង់វង្សមានតែទស្សនិកជនទេដែលជួយគាំទ្រភាព យន្តខ្មែរ។

ខ្សែភាពយន្តមួយនេះសម្ដែងដោយតួ អង្គ៣គូគឺលោកណាខុន គូជាមួយនឹងកញ្ញា ស៊ី សុខារ៉ាឌី គូទី២លោកយូអីុនគូនឹង កញ្ញា ដួង ម៉ានិច និងនាយចឺមគូជាមួយនឹង កញ្ញា នីតា វរវង្ស។ ក្រៅពីតួអង្គធំៗទាំង៦រូបនេះក៏នៅមានការចូលរួមសម្ដែងដោយតារា ល្បីៗដូចជា នាយចេក យាយយ៉យ យាយ យក្ស និងតួអង្គកំប្លុកកំប្លែងជាច្រើនទៀតទើបធ្វើឲ្យផលិតកររឿងនេះរំពឹងពីទំហំជោគជ័យ ៕ វឌ្ឍនា

YN9A8424

YN9A8426

YN9A8444


ចែករំលែក៖