ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរប្រុសស្រីសរុបចំនួន៤៤នាក់ និងមានកុមារ៤នាក់ ទៅតាមឪពុកម្តាយផងដែរ ពួកគាត់ធ្វើដំណើរតាមរថយន្តចេញពីខេត្តចំនួន៦ ក្នុងប្រទេសកម្ពុជា រួមមានខេត្តបន្ទាយមាន ជ័យ បាត់ដំបង ព្រះវិហារ កំពង់ងឆ្នាំង កំពង់ចាម និងខេត្តតាកែវ មកដល់ចំណុចព្រំដែនកម្ពុជា -ថៃក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បម្រុងនាំគ្នាឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅក្នុងប្រទេសថៃ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារ អនីតិជននៃសស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការនិងនគរបាលការពារព្រំដែនប៉ុស្ថិ៍ចំបក់ នៃវរៈនគរបាលការពារព្រំដែនគោកលេខ៨១៥ បានធ្វើការឃាត់ខ្លួន និងទប់ស្កាត់មិនឱ្យពួកគាត់ឆ្លងដែនទាំងប្រថុយប្រឋានបែបនោះឡើយ។ការទប់ស្កាត់ពលករខ្មែរខាងលើធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ខណៈដែលពលករខ្មែរទាំងនោះកំពុងដើរឆ្លងអូរកាត់ព្រំដែនតាមច្រករបៀង បម្រុងចូលទៅដល់ទឹកដីទៅហើយនោះ។
សូមបញ្ជាក់ថា ការធ្វើចំណាកស្រុកខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃរបស់ពលករខ្មែរកន្លងមក ត្រូវគេរាយការណ៍ឱ្យដឹងថាបានរងគ្រោះត្រូវទាហានថៃបាញ់សម្លាប់ ចាប់ដាក់គុកធ្វើទារុណកម្ម និងចាញ់បោកមខ្យល់កេងកម្លាំងពលកម្ម និងថែមទាំងជួញដូរមនុស្ស បង្វិតបង្ខំឱ្យធ្វើការងារលើសកម្លាំងផងនោះទៀត។ពាក់ព័ន្ធពលករខ្មែរនៅប្រទេសថៃនេះដែរសេចក្តីរាយការណ៍ឱ្យដឹងថាថ្មីៗនេះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានស្រាវជ្រាវរកឃើញថាមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់មកលើពលករខ្មែរធ្វើការងារនៅលើទូកនេសាទដោយ មានការបង្ខិតបង្ខំឱ្យកម្មករខ្មែរប្រើប្រាស់ថ្នាំញៀនដើម្បីឱ្យធ្វើការលើសកម្លាំង។ ក្រោយពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាទទួលព័ត៌មានពីការរំលោភសិទ្ធិពលករខ្មែរបែបនោះរួចហើយក៏បានដាក់ពា្យប្តឹងទៅគណៈកម្មាធិការសិទ្ធិមនុស្សនៃព្រះរាជាណាចក្រថៃ ដើម្បីឱ្យភាគីថៃសហការជាមួយកម្ពុជា ក្នុងការត្រួតពិនិត្យតាមដានស៊ើបអង្កេតជុំវិញនៃការ រំលោភសិទ្ធិលើពលរដ្ឋកម្ពុជាដែលជាកម្មករដើម្បីធ្វើការជួយសង្រ្គោះពលករខ្មែររងគ្រោះទាំងនោះ។
លោកវរសេនីយ៍ត្រី ឡាយ គឹមលួន នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជននៃសស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងថា ការទប់ស្កាត់ពលរខ្មែរធ្វើចំណាកស្រុកខុសច្បាប់គឺដើម្បីការពារអាយុជីវិត និងផលប្រយោជន៍របស់ពួកគាត់ ខ្លាចក្រែងពួកគាត់ចាកចេញទៅរងការងារចាញ់បោកមេខ្យល់យកទៅលក់ និងកេងកម្លាំងពលកម្ម និងរងការបាញ់សម្លាប់ ចាប់ដាក់គុកពីទាហានថៃជាដើម។ការងារទប់ស្កាត់ ពលករខ្មែរខុសច្បាប់លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ក៏បានដាក់បទបញ្ជាឱ្យកម្លាំងនគរបាលគ្រប់ផ្នែកនិងជំនាញក្រោមបង្គាប់ទាំងអស់ ត្រូវសហការគ្នាដើម្បីចុះអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។ពលករខ្មែរខាងលើក្រោយពីសមត្ថកិច្ចធ្វើការអប់រំនិងឱ្យធ្វើកិច្ចសន្យារួចហើយក៏បានដោះលែងធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញ។
សូមរំលឹកថា ពាក់ព័ន្ធនឹងពលករខ្មែរនេះដែរ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ពលកខ្មែរ៤១នាក់ មកពីបណ្តាខេត្តចំនួន៥ ធ្វើដំណើរតាមរថយន្តធុនធំ១គ្រឿង ព្យាយាមបើកទៅចំណុចច្រករបៀងព្រំដែន ក្នុងភូមិសាស្រ្តឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃខុសច្បាប់ ត្រូវបាន កម្លាំងនគរបាលខេត្តបន្ទាយមានជ័យធ្វើការឃាត់ទប់ស្កាត់បានផងដែរ ៕ សំ វិច្ឆិកា