ព័ត៌មានទាន់ហេតុការណ៍៖

ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ០៥ខ្នង នៅស្រុកបាណន់​ កាលពីយប់មិញ​បានបំផ្លាញ​ទ្រព្យសម្បត្តិ និងលុយសរុបប្រហែល​ ជាង៣០ម៉ឺន​ដុល្លារ

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ ហេតុការណ៍​គ្រោះ​អគ្គីភ័យ​បាន​បំផ្លិចបំផ្លាញ​ប្រជាពលរដ្ឋចំនួន ០៥ខ្នង​ ទ្រព្យសម្បត្តិ និងលុយសរុបប្រហែល​ ជាង៣០ម៉ឺន​ដុល្លារ​ កាលពីយប់នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១១​ និង៣០នាទី​ពាក់កណ្ដាល​អាធ្រាត្រ​ នៅចំណុចសំណង់ទី២ ផ្សារកំពីងពួយភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។ 

ជាក់ស្ដែង​ករណីអគ្គិភ័យកើតឡើងចំនួន ០១លើក ដែលបណ្តាលឱ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន ០៥ខ្នង (ឆេះអស់ទាំងស្រុង)​រួមមាន​ដូចខាងក្រោម​៖

១-ឆេះផ្ទះទៀម ០១ខ្នង ទំហំ ៤០មx៦ម ធ្វើពីថ្មក្រោម ដំបូលប្រក់ស័ង្កសី របស់ម្ចាស់ឈ្មោះ មឿង ប៊ុនថន ភេទប្រុស អាយុ ៥៨ឆ្នាំ ខូចខាតទ្រព្យសម្បត្តិ និងលុយសរុបប្រហែល២០,០០០ ដុល្លារ ។

២-ឆេះផ្ទះទៀម ០១ខ្នង ទំហំ ៥០,៥មx៤០ម សង់អំពីដែក ដំបូលប្រក់ស័ង្កសី របស់ម្ចាស់ឈ្មោះ មាស ញឿន ភេទប្រុស អាយុ៥២ឆ្នាំ សម្ភារខូចខាតរួមមាន៖ ឆេះប្រាក់ ២៣,០០០ដុល្លារ និងទ្រព្យសម្បត្តិសរុបចំនួន២០,០០០ដុល្លារ។

៣-ឆេះផ្ទះទៀម ០១ខ្នង ធ្វើអំពីឈើ ទំហំ ៣០មx១០ម ដំបូលប្រក់សង្ក័សី របស់ម្ចាស់ឈ្មោះ ផាន់ ចំរើន ភេទស្រី អាយុ៥៣ឆ្នាំ សម្ភារខូចខាតរួមមាន៖ ឆេះប្រាក់អស់ ២,០០០ដុល្លារ និងទ្រព្យសម្បត្តិ អស់ប្រហែល ៣០,០០០ដុល្លារ ។

៤-ឆេះផ្ទះ ០១ខ្នងទំហំ ៤០មx១២ម ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី របស់ម្ចាស់ឈ្មោះ ស៊ូ ណា ភេទស្រី អាយុ៦៦ឆ្នាំ សម្ភារខូចខាតរួមមាន៖ ឆេះទ្រព្យសម្បត្តិជាង ១០,០០០ដុល្លារ ។

៥-ឆេះផ្ទះទៀម ០១ខ្នង ទំហំ ៤០មx៩,៥ម ធ្វើអំពីថ្មក្រោម  ដំបូលប្រក់សង្ក័សី របស់ម្ចាស់ឈ្មោះ អ៊ិន សារ៉េត ភេទប្រុស អាយុ ៥៧ឆ្នាំ សម្ភារខូចខាតរួមមាន៖ ឆេះប្រាក់ប្រហែល ៥០,០០០ដុល្លារ និងទ្រព្យសម្បត្តិប្រហែល ៧០,០០០ដុល្លារ និងឆេះរថយន្តឡិចស៊ីស330 ចំនួន ០១គ្រឿង ។ សរុបការខូចខាតទាំងអស់ប្រហែល ២២៥,០០០ដុល្លារ ។

សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវបន្ត ករណីអគ្គិភ័យនេះ ។ ករណីនេះដែរកម្លាំងនគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ សំ វីរ: អធិការនគរបាលស្រុកបាណន់ បានចុះពន្លត់អគ្គិភ័យនេះដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៦គ្រឿង (រថយន្តស្នងការ ០២គ្រឿង, ស្រុកបាណន់ ០១គ្រឿង, ស្រុករតនៈមណ្ឌល ០១គ្រឿង, ស្រុកសង្កែ ០១គ្រឿង និងស្រុកបវេល ០១គ្រឿង) ទើប គ្រប់គ្រង ស្ថានការណ៍ អគ្គិភ័យនេះបានទាំងស្រុង ៕

ដោយ​៖ តារា​


ចែករំលែក៖