ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្រ្តីជប៉ុន ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើសារលិខិតអបអរសាទរលោក ក្នុងឱកាសចូលកាន់តំណែងជាប្រធានគណបក្សប្រជាធិបតេយ្យសេរី

ចែករំលែក៖

ភ្នំពេញ​៖​ លោក Ishiba Sheigeru នាយករដ្ឋមន្រ្តីជប៉ុន និងជាប្រធានគណបក្សសេរីប្រជាធិបតេយ្យ ផ្ញើសារលិខិតថ្លែងអំណរគុណ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដែលបានផ្ញើសារលិខិតអបអរសាទរ លោក ក្នុងឱកាសចូលកាន់តំណែងជាប្រធានគណបក្សប្រជាធិបតេយ្យសេរី កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ។

នៅក្នុង​សារលិខិត​របស់​លោក Ishiba Sheigeru នាយករដ្ឋមន្រ្តីជប៉ុន​ បានបញ្ជាក់ថា​ សម្តេចអគ្គមហាសេនាបតី តេជោ ជាទីគោរពរាប់អាន!

ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្ត ចំពោះសម្តេចដែលបានផ្ញើសារ អបអរសាទរដ៏កក់ក្តៅជូនខ្ញុំ ក្នុងឱកាសចូលកាន់តំណែងរបស់ខ្ញុំជាប្រធានគណបក្សសេរី ប្រជាធិបតេយ្យ។

ប្រទេសជប៉ុន និងកម្ពុជាបានកសាងទំនាក់ទំនងមិត្តភាព និងទំនាក់ទំនងជឿទុក ចិត្តគ្នាតាមរយៈកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព ការកសាងឡើងវិញ និងការអភិវឌ្ឍ នៅកម្ពុជា។ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលឃើញកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ មានការរីកចម្រើនលើមូលដ្ឋានដ៏រឹងមាំនេះ មិនត្រឹមតែវិស័យសេដ្ឋកិច្ច ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើវិស័យជាច្រើនទៀតដូចជា សន្តិសុខ សាយប័រ និងឌីជីថល។ ក្នុងដំណើរការនេះ ខ្ញុំសូមសម្តែងនូវការគោរពដោយស្មោះអស់ពីដួងចិត្ត ចំពោះការរួម ចំណែកដ៏ធំធេងរបស់សម្តេច ក្នុងការពង្រឹងទំនាក់ទំនង រវាងប្រទេសយើងទាំងពីរ អស់ រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

ក្រោម “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ប្រទេសជប៉ុនមានបំណងសហ ការយ៉ាងសកម្មជាមួយសម្តេច ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងលើឆាកអន្តរជាតិ៕

ដោយ​៖ តារា​


ចែករំលែក៖