ព័ត៌មានទាន់ហេតុការណ៍៖

នាវាខ្នាតយក្សមួយគ្រឿង ដឹកភ្ញៀវទេសចរណ៍និងនាវិកសរុបជាង១ពាន់នាក់ភាគច្រើនជនជាតិអាមេរិក ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលស្វាគមន៍នាវាទេសចរណ៍មួយគ្រឿង ឈ្មោះ VIKING ORION សញ្ជាតិ NORWAY ដែលបានធ្វើការចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ 

នៅលើនាវាទេសចរណ៍នេះមាន៖

– ភ្ញៀវទេសចរណ៍ចំនួន ៨៦៩នាក់ ស្រីចំនួន ៤៤៨នាក់ ដែលមានចំនួន ២១សញ្ជាតិ

– នាវិកចំនួន ១៦៧នាក់ ស្រីចំនួន ២៨នាក់ មានចំនួន ២៧សញ្ជាតិ 

ក្នុងនោះភ្ញៀវទេសចរណ៍ដែលមានចំនួនច្រើនជាងគេគឺ ជនជាតិអាមេរិក មានចំនួន ៧១៣នាក់។ 

នាវាទេសចរណ៍ VIKING ORION បានធ្វើដំណើរចាកចេញពីប្រទេសវៀតណាម និងបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ៧.០០នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ដើម្បីនាំភ្ញៀវទេសចរណ៍អន្តរជាតិ មកទស្សនាខេត្តព្រះសីហនុ នៅតាមរមណីយដ្ឋាននានា និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ខេត្តព្រះសីហនុដែលជាសមាជិកក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើសកលលោក និងជាតារារះនាទិសនិរតី នៃព្រះរាជាណាកម្ពុជា។ នាវា VIKING ORION នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅវេលាម៉ោង ១៤.០០នាទីរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ធ្វើដំណើរឆ្ពោះទៅប្រទេសថៃជាបន្ត។ 

សូមបញ្ជាក់ថា នាវា VIKING ORION មានសញ្ជាតិ NORWAY មាន បណ្តោយប្រវែង ២២៨,៣០ម៉ែត្រ

ទទឹងប្រវែង ២៨,៨០ម៉ែត្រ និងជម្រៅទឹកប្រវែង ៦,៦៥ម៉ែត្រ៕

ដោយ ៖ សិលា


ចែករំលែក៖