ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយមានវត្តមានកូរ៉េខាងជើងនៅរុស្ស៊ី អាមេរិកឈប់ដាក់កំហិតថ្មីលើអ៊ុយក្រែនចំពោះការប្រើអាវុធអាមេរិក វាយប្រហាររុស្ស៊ី

ចែករំលែក៖

ភ្នាក់ងារ​សារព័ត៌មាន Reuters បានផ្សាយថាសហរដ្ឋអាមេរិក នឹងមិនដាក់កំហិតជាថ្មីណាមួយលើអ៊ុយក្រែន សម្រាប់ការប្រើប្រាស់អាវុធផ្ដល់ដោយសហរដ្ឋអាមេរិកនោះទេ ប្រសិនបើ កងទ័ពកូរ៉េខាងជើងចូលរួមនៅក្នុងសង្រ្គាមអ៊ុយក្រែនដែរ បន្ទាប់ពី NATO បញ្ជាក់ថាកងទ័ពកូរ៉េខាងជើង ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kurst នៅក្នុង ប្រទេសរុស្ស៉ី។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បានអះអាងថាអង្គភាពទ័ពកូរ៉េខាងជើងដំបូងត្រូវបានដាក់ពង្រាយទៅក្នុងតំបន់ Kursk ជាទីដែលកងទ័ពអ៊ុយក្រែនកំពុងធ្វើប្រតិបត្តិការវាយលុកថ្មើរជើង និងកំពុងគ្រប់គ្រងទឹកដីរុស្ស៉ីមួយចំនួននៅក្នុងតំបន់នេះ។ ខាង NATO ក៏បានទទួលស្គាល់ ព័ត៌មាននេះដែរ។ ប៉ុន្តែ មន្ទីរបញ្ចកោណមិនទាន់ទទួលស្គាល់ជាផ្លូវការពីវត្តមានកងទ័ពកូរ៉េខាងជើង នៅក្នុងតំបន់ Kursk នៅឡើយទេ។
អ្នកនាំពាក្យរងរបស់មន្ទីរបញ្ចកោណ លោកស្រី Sabrina Singh បានគូសបញ្ជាក់ដូច្នេះថា «មួយផ្នែកនៃកងទ័ពទាំងនោះ (កូរ៉េខាងជើង) ត្រូវបានបញ្ជូនទៅកាន់ ក្បែរព្រំដែនអ៊ុយក្រែន ហើយយើងមានការព្រួយបារម្ភជាខ្លាំងថារុស្ស៉ីមានចេតនាប្រើប្រាស់កងទ័ពទាំងនេះនៅក្នុងសមរភូមិប្រយុទ្ធ ឬដើម្បីគាំទ្រប្រតិបត្តិការប្រយុទ្ធ ប្រឆាំងកងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ Kursk ស្ថិតនៅក្បែរព្រំដែនជាមួយអ៊ុយក្រែន»។
លោកស្រី Sabrina Singh កាលពីថ្ងៃចន្ទ ទី២៨ ខែតុលា ក៏បានឱ្យដឹងដែរថាកូរ៉េខាងជើងបានបញ្ជូនកងទ័ពប្រហែលជា ១០ ០០០នាក់ ទៅកាន់ រុស្ស៉ី ដើម្បីទទួលការបណ្ដុះបណ្ដាល។ ក្រឹមឡាំងដំបូងឡើយ បានច្រានចោលសេចក្ដីរាយការណ៍ពីវត្តមានកងទ័ពកូរ៉េខាងជើងនៅលើទឹកដីរុស្ស៉ី។ ប៉ុន្តែ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន លោក ពូទីន មិនបានបដិសេធពីវត្តមានកងទ័ពកូរ៉េខាងជើងនោះទេ ហើយថែមទាំងនិយាយទៀតផងថាវាជាកិច្ចការរបស់មូស្គូ ថាតើត្រូវអនុវត្តសន្ធិសញ្ញាភាពជាដៃគូជាមួយព្យុងយ៉ាង យ៉ាងដូចម្ដេច៕ ដោយ៖ ធីរីណា

រូប​ថត​៖ AP


ចែករំលែក៖