ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានលើកឡើងថា៖ ពីពេលនេះទៅច្បាស់ហើយម្ចាស់ទីតាំងទិញលក់អេតចាយណាដែលទទួលទិញវត្ថុឬសម្ភារៈបានមកអំពីអំពើល្មើសច្បាប់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ការលើកឡើងបែបនេះរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញនេះ។
លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បានលើកឡើងអំពីបញ្ហាអសន្តិសុខក្នុងមូលដ្ឋាននៃក្រុង ស្រុកខ្លះទៅលើករណីលួចទ្រព្យសម្បត្តិតាមលំនៅដ្ឋាន ក្នុងនោះលោកកត់សម្គាល់ករណីលួចកាត់ខ្សែភ្លើងដែលជាបញ្ហាបង្កនូវការលំបាកនិងសតិអារម្មណ៍មិនល្អពីប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយចុង ហើយចុង ក្រោយនេះមានទាំងករណីលួចកាត់ខ្សែភ្លើងទាំងថ្ងៃទៀតផងនៅស្រុកសង្កែ។
គោលដៅនៃករណីលួចខ្សែភ្លើងកន្លងទៅ គឺជនសង័្សយបានយកទៅដុតសំបកខាងក្រៅរួចយកបណ្តូលទង់ដែងខាងក្នុងទៅលក់ឱ្យទីតាំងទិញ លក់ អេតចាយនានានៅមូលដ្ឋានក្រុង ស្រុកដែលមានស្តង់ទិញ លក់ អេតចាយមួយចំនួន តូច តែងតែទទួលទិញវត្ថុទាំងនោះ បើទោះបីដឹងឮថា នោះគឺជាវត្ថុដែលបានមកអំពីអំពើល្មើសច្បាប់ក៏ដោយ។
ផ្តើមពីបញ្ហានេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បានដាក់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដល់គ្រប់អធិការដ្ឋាននគរបាលក្រុង ស្រុក ត្រូវធ្វើការទំនាក់ទំនងជាមួយ ម្ចាស់ទីតាំងទិញ លក់ អេតចាយនៅក្នុងមូលដ្ឋានរបស់ខ្លួនដោយឱ្យគាត់ធ្វើកិច្ចសហការល្អជាមួយសមត្ថកិច្ចនគរបាល មិនទទួលទិញ ហើយហ៊ានផ្តល់ព័ត៌មានមកសមត្ថកិច្ចក្នុងករណីឃើញអ្នកយកវត្ថុ(បណ្តូលទង់ដែង) ឬវត្ថុផ្សេង ទៀត ដែលសង័្សយថាបានមកអំពីអំពើល្មើសច្បាប់ដើម្បីសមត្ថកិច្ចមានវិធានការភ្លាមៗចំពោះមនុស្សដែលសង័្សយទាំងនោះ ចំពោះករណីម្ចាស់ទីតាំងទិញ លក់ អេតចាយនៅតែបន្តការទទួលទិញទៀតនោះ សមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់៕
ដោយ៖ តារា