ខេត្តស្វាយរៀង៖ អគ្គនាយកដ្ឋានពន្ធនាគារ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៣១ ខែតុលា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីបំភ្លឺផ្អែកលើការផ្សាយរបស់សារព័ត៌មានពាក់ព័ន្ធករណីអ្នកទោសជនជាតិវៀតណាមម្នាក់ ដែលជាប់ ឃុំនៅពន្ធនាគារខេត្តស្វាយរៀង បានរត់គេចចេញពីពន្ធនាគារកាលពីវេលាម៉ោង ១៦:៤០នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។
ទាក់ទិននឹងករណីខាងលើ អគ្គនាយកដ្ឋានពន្ធនាគារ បានចាត់តាំងក្រុមការងារជំនាញចុះធ្វើការស្រាវជ្រាវជាបន្ទាន់បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង។ អគ្គនាយកដ្ឋានពន្ធនាគារ បានពិនិត្យឃើញថា ខ្លឹមសារមួយចំនួនដែលបានចុះផ្សាយលើបណ្តាញ សារព័ត៌មានមិនបានឆ្លុះបញ្ចាំងនូវការពិតទាំងស្រុង អំពីហេតុការណ៍ជាក់ស្តែងក្នុងអំឡុងពេលកើតហេតុ នោះឡើយ។ ដើម្បីចៀសវាងការភ័ន្តច្រឡំពីសំណាក់សាធារណៈជន និងមជ្ឈដ្ឋានទូទៅ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ សូមធ្វើការបំភ្លឺដូចខាងក្រោម៖
១- អគ្គនាយកដ្ឋានពន្ធនាគារ ទទួលស្គាល់ថា ពិតជាមានហេតុការណ៍ជនជាប់ឃុំជនជាតិវៀតណាម ម្នាក់ ឈ្មោះ ង្វៀង តុងហ្នឹង (NGUYEN TRONG NGUYEN) ភេទប្រុស បានរត់គេចចេញពីពន្ធនាគារខេត្ត ស្វាយរៀងកាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ពិតប្រាកដមែន។
២- ការរត់គេចខ្លួនរបស់ជនជាប់ឃុំជនជាតិវៀតណាមខាងលើ មិនមែនជាសកម្មភាពចូលរំដោះ អ្នកទោសចេញពីក្នុងពន្ធនាគារ ឬសកម្មភាពប្រដាប់អាវុធរំដោះអ្នកទោសនោះទេ។
៣- ជនជាប់ឃុំជនជាតិវៀតណាម ឈ្មោះ ង្វៀង តុងហ្នឹង(NGUYEN TRONG NGUYEN) បានធ្វើ សកម្មភាពរត់គេចខ្លួនក្នុងអំឡុងពេលទទួលបានការអនុញ្ញាតឱ្យជួបគ្រួសារមកសួរសុខទុក្ខ ហើយឆ្លៀតពេល ដែលមន្ត្រីយាមកាមមានការធ្វេសប្រហែសមិនបានចាក់សោរសុវត្ថិភាព ជនជាប់ឃុំរូបនេះក៏រត់ចេញពីបន្ទប់ សំដៅទៅគូកនដែលបានរង់ចាំជាស្រេច និងបានយកអាវុធខ្លីពីគូកនតម្រង់គំរាមទៅមន្ត្រីដែលដេញតាមពី ក្រោយ រួចហើយឡើងជិះម៉ូតូដែលត្រៀមរង់ចាំនៅរបងកំផែងខាងក្រៅជិះគេចខ្លួនបាត់ទៅ។
តាមរយៈការបំភ្លឺនេះ សង្ឃឹមជឿជាក់ថា សាធារណៈជនគ្រប់មជ្ឈដ្ឋាន បានជ្រាបច្បាស់នូវការពិត ទាក់ទិននឹងហេតុការណ៍ខាងលើ ស្រាយបាននូវការមន្ទិល។ ជាមួយគ្នានេះក៏សូមអំពាវនាវដល់សារព័ត៌មាន ធ្វើការផ្សព្វផ្សាយដោយផ្អែកលើមូលដ្ឋាន ប្រភពច្បាស់លាស់ និងដោយសុភវិនិច្ឆ័យ ចៀសវាងការធ្វើអត្ថា ធិប្បាយខុសពីការពិតនាំឱ្យមានការភ័ន្តច្រឡំ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គភាព។
អគ្គនាយកដ្ឋានពន្ធនាគារ និងសមត្ថកិច្ចពាក់ព័ន្ធបាននឹងកំពុងតាមស្វែងរកចាប់ជនជាប់ឃុំ ឈ្មោះ ង្វៀង តុងហ្នឹង (NGUYEN TRONG NGUYEN)មកវិញ រួមទាំងគូកន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ សេចក្តីដូចបានបំភ្លឺជូនខាងលើ សូមសាធារណៈជន និងបណ្តាញសារព័ត៌មានទាំងអស់មេត្តា ជ្រាបជាព័ត៌មាន៕
ដោយ៖ តារា