ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់ អំពី បច្ចេកទេសចោះច្រឹបដុំសាច់នៅក្នុង សួត ទ្រូង និងពោះដោយមានជំនួយពីស្កាន់នែរ!

ចែករំលែក៖

ភ្នំពេញ ៖ បច្ចេកទេសចោះច្រឹបដុំសាច់នៅក្នុង សួត ទ្រូង និងពោះដោយមានជំនួយពីស្កាន់នែរ!

(Percutaneous CT-Guided Biopsy of the lung, thoracic and abdominal lesions)

បច្ចេកទេសចោះច្រឹបដុំសាច់នៅក្នុង សួត ទ្រូង និងពោះ ដោយមានជំនួយពីស្កាន់នែរ ជាមធ្យោបាយមួយនៃវិស័យអន្តរាគមន៍តាមបែបវិទ្យុសាស្ត្រ (Interventional Radiology) ដែលបាននឹងកំពុងរួមចំណែកយ៉ាងសំខាន់នៅក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺមហារីកនាពេលបច្ចុប្បន្ននេះ។

ក) តើករណីណាខ្លះតម្រូវអោយមានការចោះច្រឹបដុំសាច់សួត ទ្រូង និងពោះ? 

   – ករណីរូបភាពវេជ្ជសាស្ត្រ (ការថតសួត រឺស្កាន់នែរ) មិនអាចអោយយើងបែងចែកអោយបានច្បាស់លាស់ពីដុំស្លូត ឬដុំកាច benign vs malignant tumor, infection vs cancer, abscess vs excavated tumor។

   – ករណីរូបភាពវេជ្ជសាស្ត្រមានការសង្ស័យខ្ពស់ពីជំងឺមហារីកសួត ក៏តម្រូវអោយមានការច្រឹបដុំសាច់នោះដែរដើម្បីវិភាគលម្អិតពីប្រភេទកោសិកាមហារីក (cancer subtypes, molecular and genetic studies) ព្រោះព័ត៌មានទាំងនោះនឹងជួយគ្រូពេទ្យក្នុងការវាយតម្លៃពីកម្រិតធ្ងន់ធ្ងរ និងតម្រង់ទិសក្នុងការព្យាបាល ។

   – ករណីសង្ស័យជាដុំសាច់សួត ដែលរាលដាលពីមហារីករបស់សរីរាង្គដទៃ (metastasis)។

   – ករណីមានកូនកណ្តុររីកធំក្នុងពោះ ដោយមិនមានមូលហេតុច្បាស់លាស់ (lombo-aortic lymphadenopathy)។

   – ករណីមានដុំសាច់នៅតំបន់ខាងក្រោយស្រោមពោះ (retroperitoneal tumors: pancreas, adrenal gland, kidney…)។

ខ) អត្ថប្រយោជន៍នៃការច្រឹបដុំសាច់សួត ទ្រូង និងពោះដោយមានជំនួយពីស្កាន់នែរ៖

ការច្រឹបដុំសាច់ផ្សេងៗរបស់សួត ទ្រូង និងពោះ អាចធ្វើឡើងតាមមធ្យោបាយច្រើនបែប។ ដោយឡែក បច្ចេកទេសចោះច្រឹបដោយមានជំនួយពីស្កាន់នែរ អាចសម្រេចបានស្ទើរគ្រប់ករណីនៃដុំសាច់ ព្រោះស្កាន់នែរបានជួយអោយគ្រូពេទ្យកំណត់ទីតាំងជាក់លាក់របស់ដុំសាច់ និងជ្រើសរើសផ្លូវសម្រាប់ការចោះច្រឹបនោះប្រកបដោយសុវត្ថិភាពខ្ពស់ និងហានិភ័យទាប។ បច្ចេកទេសអន្តរាគមន៍តាមបែបវិទ្យុសាស្ត្រនេះ មិនផ្តល់ផលប៉ះពាល់អវិជ្ជមានពីកាំរស្មីអ៊ិច មិនមានការឈឺចាប់ខ្លាំង មិនតម្រូវអោយមានការដាក់ថ្នាំសន្លប់ និងការសម្រាកពេទ្យឡើយ។

នៅមន្ទីរពេទ្យកាល់ម៉ែត មានក្រុមវេជ្ជបណ្ឌិតឯកទេសអន្តរាគមន៍តាមបែបវិទ្យុសាស្ត្រ ដែលមានជំនាញ និងសមត្ថភាពខ្ពស់ បាននឹងកំពុងធ្វើការសហការយ៉ាងស្អិតរមួតជាមួយវេជ្ជបណ្ឌិតឯកទេសផ្សេងៗទៀត ដើម្បីផ្តល់ប្រឹក្សាក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជូនលោកអ្នក តាមស្តង់ដារវេជ្ជសាស្ត្រទំនើប។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕

ដោយ ៖ សិលា


ចែករំលែក៖