ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅទូទាំងប្រទេស នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០២៤នេះដើម្បីដំណើការបង្រៀន និងរៀនរបស់លោកគ្រូអ្នកគ្រូសិស្សានុសិស្សតាមផែនការកំណត់។
ក្នុងពិធីបើកបវេសនកាល សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០២៤នេះ នៅអនុវិទ្យាល័យចតុមុខ រាជធានីភ្នំពេ លោកបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា មានប្រសាសន៍ថា សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ នេះ ត្រូវចាប់ផ្តើមដំណើរការនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ និងបញ្ចប់ទៅវិញនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ តាមកាលបរិច្ឆេទ ដូចជាប្រារព្ធថ្ងៃបើកបវេសនកាល ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ វិស្សមកាលតូច ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ និងមហាវិស្សមកាល ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥។
លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុនបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានពង្រឹងគុណភាព គ្រឹះស្ថាន សាលារដ្ឋ ចាប់ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សា ដើម្បីទទួលបានធនធានមនុស្សប្រកបដោយគុណភាព។
«១ការអនុវត្តកំណែទម្រង់សាលារៀនយ៉ាងសកម្ម សំដៅទទួលបាននៅសាលារៀនល្អ នាយកល្អ គ្រូបង្រៀនល្អ បរិក្ខាសាលារៀនស្អាត និងមានការចូលរួមយ៉ាងផុសផុលពីសំណាក់សហគមន៍ មាតាបិតា និងអ្នកពាក់ព័ន្ធ។ ជាមួយនេះក្រសួងបានផ្តោតនូវការរៀន ការបង្រៀនមុខវិជ្ជាខ្មែរ គណិតវិទ្យាថ្នាក់ដំបូង នៅកម្រិតបឋមសិក្សា និងការបង្កើនការចូលរៀននិងការពង្រឹងការសិក្សាមុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្ត្រ បច្ចេកវិជ្ជា ភាសាបរទេសនៅកម្រិតមធ្យមសិក្សាចំណេះទូទៅ រួមទាំងការអនុវត្តវិធីសាស្ត្របង្រៀនថ្មី។
ទី២ ការអនុវត្តកំណែទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ដោយផ្ដោតលើកម្មវិធីការអនុវត្តកម្មវិធីបណ្តុះបណ្តាលនិងវិក្រឹតការ ដើម្បីផ្ដល់កម្មសិទ្ធិដីគុណសម្បទា និងបំណិនសតវត្សរ៍ទី២១ និងមានគុណវុឌ្ឍអនុលោមតាមស្តង់ដារជាគ្រូបង្រៀន។ ក្រសួងកំពុងអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈគ្រូឧទ្ទេស ដោយផ្ដោតលើខ្លឹមសារមេរៀននិងគរុកោសល្យ ជាពិសេសវិធីសាស្ត្របង្រៀនសម្បូរបែប វិធីសាស្ត្របង្រៀនតាមបែបសកម្ម និងសមត្ថភាពខាងបច្ចេកវិទ្យា ព្រមទាំងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាលានៅគរុកោសល្យ ដូចជាការបំពាក់បរិក្ខាររៀននិងបង្រៀនស្របតាមបច្ចេកវិទ្យាថ្មីៗ បណ្ដាល័យស្តង់ដារ សម្ភារៈ ឯកសាររៀននិងបង្រៀនទំនើប និងសម្បូរបែប ការអភិវឌ្ឍភាពជាអ្នកដឹកនាំនិងគ្រប់គ្រង ការផ្សាភ្ជាប់ទ្រឹស្ដីទៅលើការអនុវត្តកម្មវិធីសិក្សាគរុកោសល្យ និងការរៀបចំប្រព័ន្ធធានាគុណភាព»។
ក្នុងសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ ថ្ងៃសុក្រទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ មានខ្លឹមសារថា៖ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹង ដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំ នៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មីរបស់ក្មួយៗ ដែលបានឡើងពីកម្រិតថ្នាក់មួយទៅកម្រិតថ្នាក់មួយទៀត នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥។
រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈការបន្តរិះរកវិធានការនិងយុទ្ធសាស្ត្របន្ថែមទៀត ដោយធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈ ដែលមានប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពជាមួយនឹងប្រជាជននិងសហគមន៍។ ដូច្នេះហើយសាលារៀនត្រូវអនុវត្តតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសលើសកម្មភាពបង្រៀននិងរៀន ដែលនឹងនាំទៅរកការប្រែប្រួលជាវិជ្ជមាននៃលទ្ធផលសិក្សារបស់សិស្ស ប្រកបដោយវិន័យ សីលធម៌ គុណធម៌ និងឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិ៕
ប្រភព ៖ «CCFR China state-controlled media »