ខេត្តតាកែវ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បាននាំយកអាវរងា ជាអំណោយដ៏ថ្លៃថ្លារបស់ម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ទៅចែកជូនដល់កងកម្លាំងចម្រុះនៅទិសយោធភូមិភាគទី៣។
ពិធីនេះបានប្រារព្ធធ្វើឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងតាកែវ ដោយមានមេបញ្ជាការ មេបញ្ជាការរងយោធភូមិភាគទី៣ មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករង កងឯកភាពចំណុះយោធភូមិភាគទី៣ មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថ ក្រុមទំនាក់ទំនងការងារព្រំដែន និងវរសេនាតូចនគរបាលការពារព្រំដែន សរុប ២៨កងឯកភាព មកទទួលអាវរងាក្នុងឱកាសនោះ។
បន្ទាប់ពី ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ បានធ្វើសេចក្ដីរាយការណ៍រួចមក នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត លោកជំទាវបណ្ឌិត, និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើដល់កងកម្លាំងឈរជើងការពារបូរណភាពទឹកដី ទិសយោធភូមិភាគទី៣។
នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានលើកឡើងអំពីសភាពការណ៍ជាតិ អន្តរជាតិមួយចំនួនដែលកំពុងកើតមានបច្ចុប្បន្ន និងបានណែនាំដល់មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ឲ្យបង្កើនការតាមដានស្ថានភាព និងយកចិត្តទុកដាក់ពង្រឹងកម្លាំង ដើម្បីការពារបូរណភាពទឹកដី ការពារសុខសន្តិភាព ស្ថិរភាព ព្រមទាំងទប់ស្កាត់ បង្ក្រាបរាល់បទល្មើសនានា មានដូចជាបទល្មើសជួញដូរគ្រឿងញៀន ជួញដូរមនុស្សជាដើម។
អគ្គមេបញ្ជាការ បានរំលេចពីសមិទ្ធផលជាប្រវត្តិសាស្ត្រក្នុងសម័យតេជោសែន ដែលសម្រេចបានការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងស្ទើររួចរាល់ រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមព្រំដែន ធ្វើឲ្យបន្ទាត់ព្រំដែនមានភាពច្បាស់លាស់ រក្សាជាមរតកសម្រាប់កម្ពុជា និងកំពុងបន្តដឹកនាំដោយរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។
ជាមួយនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានក្រើនរម្លឹកដល់មេបញ្ជាការគ្រប់កងឯកភាព ឱ្យបង្កើនការយកចិត្តទុកដាក់ប្រសាសន៍ណែនាំសម្តេចនាយករដ្ឋមន្រ្តី ពាក់ព័ន្ធអំពីយោធិនពិការយោធិនចូលនិវត្តន៍ ក្នុងនោះយោធិនមានជំនាញ មានសមត្ថភាពត្រូវរក្សាទុកដើម្បីបន្សាំនិងបណ្ដុះបណ្ដាលអ្នកបន្តវេន ហើយយោធិនដល់អាយុចូលនិវត្តន៍ ប៉ុន្ដែនៅក្មេង នៅមានកម្លាំង សូមឱ្យផ្អាកការចូលនិវត្តន៍៕
ដោយ ៖ សិលា