ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការកំពុងនីតិវិធី ស៊ើបសួរ ជនចិន​​២៥​នាក់ ក្នុង​ចំណោម​ជាង​១ពាន់​នាក់​ ពាក់ព័ន្ធបទល្មើសល្បែងសុីសង នៅខេត្តកំពង់ស្ពឺ

ចែករំលែក៖

ភ្នំ​ពេញ​ ៖ សមត្ថកិច្ច​នគរបាល​ក្រសួង​មហាផ្ទៃ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៤​​ បាន​ចាប់​បញ្ជូន​ជនបរទេស​ភាគច្រើន​ជា​ជនជាតិ​ចិន​ប្រមាណ​២៥​នាក់ មក​កាន់​សាលា​​ដំបូង​​រាជ​ធានី​​ភ្នំពេញ ដើម្បី​​ធ្វើការ​សាក​សួរ​ពាក់ព័ន្ធ​ករណី​ល្បែង​អន​ឡាញ​ខុសច្បាប់ ក្រោយ​ការ​បង្ក្រាប​នៅ​ទីតាំង​មួយ​កន្លែង ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុងរោង​​ចក្រ​ផលិត​ដំណាប់​ស្វាយ​​នៅ​​ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ 

រថយន្ត​ទូ​រី​ស​ប្រភេទ​​៣៥​កៅអី មួយ​គ្រឿង បិទ​កញ្ចក់​ខ្មៅ បាន​អមដំណើរ​ដោយ​សមត្ថ​កិច្ច ឯកសណ្ឋាន​ឈុត​ខ្មៅ ជិះ​ម៉ូតូ​តាម​ពីក្រោយ​បាន​​នាំ​ជនសង្ស័យ​ចូល​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សំណុំ​រឿង​នេះ​បាន​និង​កំពុង​នៅ​​ដំណាក់កាល​ស៊ើបសួរ​ពី​តំណាង​អយ្យការ​នៅ​ឡើយ​ទេ ។ សង្ឃឹមថា នៅ​ក្រោយ​ពេល​តំណាង​អយ្យការ​បើក​ការ​ស៊ើបសួរ​​លើ​ជនសង្ស័យ​ចប់​សព្វគ្រប់ ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពិតជា​ធ្វើ​សេចក្តី​ប្រកាស​ព័ត៌​មាន​ជា​សាធារណៈ​ចំពោះ​ករណី​មួយ​នេះជាក់​ជា​មិន​ខាន​ សម្រាប់​សាធារណជន​បាន​ជ្រាប​ជា​ផ្លូវការ​កុំ​ឱ្យ​មហា​ជន​នៅ​ឆ្ងល់​ ។ 

ការ​ចាប់ខ្លួន​ជនបរទេស​ដែល​ភាគច្រើន​សង្ស័យ​​ជា​​ជនជាតិ​ចិន​នេះ មិន​មានការ​ផ្តល់​ព័ត៌​មាន​ណាមួយ​ជុំវិញ​នីតិវិធី​​ថា​ ក្នុង​ចំណោម​ជន​ដែល​ចាប់ខ្លួន​មុន​នេះ​ជាង ១០០​០​នាក់ តើ​មានការ​អនុវត្ត​នីតិវិធី​បែប​ណា​នៅឡើយ​ទេ ។​

មុន​នេះ​គ្មាន​នរណា​ស្មាន​ដល់​នោះ​ទេ ពី​កន្លែង​ល្បែង​អន​ឡាញ​ដ៏​ធំ​មួយ​ដែល​គេ​ហៅ​ជា​ពាក្យ​សាមញ្ញ​ថា «​គីឡូ​៣២» ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​នៃ​ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​ឡោម​ព័ទ្ធ និង​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ល្បែង​ដ៏​ធំ​មួយ​កន្លែង​នេះ ដែល​តាម​សេចក្ដីរាយការណ៍​ថា បាន​ធ្វើការ​ឃាត់ខ្លួន​ជនបរទេស​បាន​ប្រមាណ​ជាង​១០០០​នាក់ ។ ទីតាំង​ល្បែង​អន​ឡាញ​ដ៏​ធំ​នេះ ស្ថិត​ក្នុងភូមិ​ដើម​អង្គ្រង ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ត្រូវ​បាន​បង្ក្រាប​នៅ​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៤ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖