ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ បានចាប់បញ្ជូនជនបរទេសភាគច្រើនជាជនជាតិចិនប្រមាណ២៥នាក់ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធករណីល្បែងអនឡាញខុសច្បាប់ ក្រោយការបង្ក្រាបនៅទីតាំងមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងរោងចក្រផលិតដំណាប់ស្វាយនៅឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
រថយន្តទូរីសប្រភេទ៣៥កៅអី មួយគ្រឿង បិទកញ្ចក់ខ្មៅ បានអមដំណើរដោយសមត្ថកិច្ច ឯកសណ្ឋានឈុតខ្មៅ ជិះម៉ូតូតាមពីក្រោយបាននាំជនសង្ស័យចូលសាលាដំបូងរាជធានីភ្នំពេញ ដែលសំណុំរឿងនេះបាននិងកំពុងនៅដំណាក់កាលស៊ើបសួរពីតំណាងអយ្យការនៅឡើយទេ ។ សង្ឃឹមថា នៅក្រោយពេលតំណាងអយ្យការបើកការស៊ើបសួរលើជនសង្ស័យចប់សព្វគ្រប់ ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពិតជាធ្វើសេចក្តីប្រកាសព័ត៌មានជាសាធារណៈចំពោះករណីមួយនេះជាក់ជាមិនខាន សម្រាប់សាធារណជនបានជ្រាបជាផ្លូវការកុំឱ្យមហាជននៅឆ្ងល់ ។
ការចាប់ខ្លួនជនបរទេសដែលភាគច្រើនសង្ស័យជាជនជាតិចិននេះ មិនមានការផ្តល់ព័ត៌មានណាមួយជុំវិញនីតិវិធីថា ក្នុងចំណោមជនដែលចាប់ខ្លួនមុននេះជាង ១០០០នាក់ តើមានការអនុវត្តនីតិវិធីបែបណានៅឡើយទេ ។
មុននេះគ្មាននរណាស្មានដល់នោះទេ ពីកន្លែងល្បែងអនឡាញដ៏ធំមួយដែលគេហៅជាពាក្យសាមញ្ញថា «គីឡូ៣២» ត្រូវបានកម្លាំងនគរបាលជំនាញនៃក្រសួងមហាផ្ទៃបានធ្វើការឡោមព័ទ្ធ និងឆ្មក់ចូលបង្ក្រាបទីតាំងល្បែងដ៏ធំមួយកន្លែងនេះ ដែលតាមសេចក្ដីរាយការណ៍ថា បានធ្វើការឃាត់ខ្លួនជនបរទេសបានប្រមាណជាង១០០០នាក់ ។ ទីតាំងល្បែងអនឡាញដ៏ធំនេះ ស្ថិតក្នុងភូមិដើមអង្គ្រង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានបង្ក្រាបនៅវេលាថ្ងៃត្រង់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ៕
ដោយ ៖ រ៉ារ៉ា