ខេត្តបន្ទាយមានជ័យ ៖ នៅសាលាប្រជុំធំសាលាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីវេទិកាស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ» នៅខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ និងដោយមានការចូលរួមពីលោក លោកស្រី ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការ មេបញ្ជាការគ្រប់កងឯកភាព លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត លោក លោកស្រី ប្រធានក្រុមប្រឹក្សាស្រុក ក្រុង លោក អភិបាលស្រុក ក្រុងទាំង៩ លោកមេឃ ចៅសង្កាត់ទាំង៦៧ ចូលរួមយ៉ាងច្រើនកុះករ។
ថ្លែងក្នុងពិធីបើកកម្មវិធីវេទិកា ស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈកា» លោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យបានមានប្រសាសន៍ថា៖កំណែទម្រង់វិមជ្ឈការ គឺជាគោលបំណងដ៏យូរលង់មួយរបស់រាជរដ្ឋាភិបាលម្ពុជា ដើម្បីធ្វើឲ្យប្រស់រឡើងនូវការដោះស្រាយតម្រូវការមូលដ្ឋាន ក៏ដូចជាការពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធា រណៈ និងការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ដែលរដ្ឋបាលថ្នាក់ជាតិបាននឹងកំពុងផ្ទេរអំណាចជាបណ្តើរៗទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ។
លោក អភិបាលខេត្ត បានគូសបញ្ជាក់ថា ប្រវត្តិនៃកំណែទម្រង់វិជ្ឈការនិងវិសហមជ្ឈការ ដែលយើងបានឃើញនិងឆ្លងកាត់នូវអន្តរកាលនៃការវិត្តន៍តាមដំណាក់កាលនីមួយៗ ពោលគឺចាប់ពីនិតិវិធីប្រជាធិបតេយ្យជាមួយនិងការអនុម័តរដ្ឋធម្មនុញ្ញនិងការបោះឆ្នោតលើកដំបូងនៅឆ្នាំ១៩៩៣ ដែលកាលនោះបានបែងចែកខេត្តនិងក្រុង ខណៈដែលខេត្តត្រូវបានបែងចែកជាស្រុកនិងឃុំ និងក្រុងត្រូវបានបែងចែកជាខណ្ឌនិងសង្កាត់។
លុះដល់ឆ្នាំ២០០១ គឺមានកំណែទម្រង់យ៉ាងទូលំទូលាយ នៃវិមជ្ឈការប្រជាធិបតេយ្យនិងរដ្ឋបាលត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ បន្ទាប់ពីការអនុម័តច្បាប់ស្តីពីគ្រប់គ្រងឃុំ សង្កាត់នៅឆ្នាំ២០០១ និងបានបោះឆ្នោតជើ្រសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅឆ្នាំ២០០២ ។ នៅខែមិថុនា ឆ្នាំ២០០៥ រាជរដ្ឋាភិបាលបាមចេញនូវគោលនយោបាយ ស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ » ដោយបានកំណត់ចក្ខុវិស័យនិងគោលបំណងក្នុងការពង្រីកំណែទម្រង់អភិបាលកិច្ចថ្នាក់ក្រោមជាតិ ។ ចាប់ពីឆ្នាំ២០០៨មករាជរដ្ឋាភិបាលបានអនុម័តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ស្រុក ក្រុងនិងខណ្ឌរហូតដល់បច្ចុប្បន្ន ។
លោក អ៊ុំ រាត្រី បានបន្តថា ក្នុងរយៈពេលជាង២៥ឆ្នាំកន្លងទៅរាជរដ្ឋាភិបាលម្ពុជា បានសម្រេចសមិទ្ធផលសំខាន់២ជាច្រើនលើគ្រប់វិស័យ ទាំងខាងនយោបាយនិងសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងទាំងខាងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ទោះបីត្រូវប្រឈមនិងវិបត្តិសុខភាពសាធារណៈធ្ងន់ធ្ងរ( ការរីករាលដាលជំងឺកូវីដ១៩ ជាសកល) គ្រឿធម្មជាតិផ្ទួនៗ តម្រូវការដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ គ្រប់ស្រទាប់ក្តី។
ការអនុវត្តយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្របញ្ចកោណទាំង៤ ដំណាក់កាល បានបំពេញតួនាទី យ៉ាងប្រសើរជារបៀបវារៈគោលនយោបាយអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ដែលបានផ្តល់នូវក្របខណ្ឌសម្រាប់ការកសាងស្ថាប័នរដ្ឋមួយយ៉ាងរឹងមាំ និងឯករាជ្យ ដែលប្រព័ន្ធអភិបាលកិច្ច ត្រូវបានធ្វើទំនើបកម្មជាប្រចាំឲ្យកាន់តែ្រប់ជ្រុងជ្រោយ មានភាពធន់ និងមានប្រសិទ្ធភាព ដែលត្រូវបានទទួលស្គាល់ទាំងក្នុងតំបន់ និងសកលលោក ជាពិសេសសម្រាប់ប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលកម្រិតទាបក្នុងរយៈពេលដ៏ខ្លី ជាមួយកំណើនសេដ្ឋកិច្ចខ្ពស់ និងកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស ព្រមទាំងធ្វើសមាហរណកម្មដោយជោគជ័យទាំងក្នុងតំបន់និងសកលលោក៕
ដោយ ៖ សិលា