សារព័ត៌មាន AFP បានផ្សាយថា យោធាកូរ៉េខាងត្បូង បានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីជាច្រើនគ្រាប់ នៅព្រឹកថ្ងៃអង្គារ ទី៥ ខែវិច្ឆិកានេះ ដែលនេះជា ការធ្វើតេស្ដមីស៊ីលជាលើកទី២ ក្នុងពេលប៉ុន្មានថ្ងៃមកនេះ និងតែប៉ុន្មានម៉ោងប៉ុណ្ណោះមុននឹងប្រជាជនអាមេរិកបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។
បើតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង មីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីជាច្រើនគ្រាប់ត្រូវបានបាញ់ចេញនៅម៉ោង ៧៖៣០នាទីព្រឹក ថ្ងៃអង្គារនេះ ឆ្ពោះទៅកាន់តំបន់ សមុទ្រខាងកើត។ «ជាការត្រៀមលក្ខណៈសម្រាប់ការធ្វើតេស្ដមីស៊ីលបន្ថែមទៀត យោធារបស់យើងបានពង្រឹងការតាមដាន និងការប្រុងជើងការ ហើយចែករំលែកព័ត៌មានជាមួយ ទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោន»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង។
ជប៉ុន ក៏បានទទួលស្គាល់ពីការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើងផងដែរ ដោយការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន បញ្ជាក់ថាទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលមួយគ្រាប់ ដែលទំនងជាមីស៊ីលបាលិស្ទីគ។ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន កូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM មួយគ្រាប់ បន្ទាប់ពីប្រមុខការពារជាតិអាមេរិក និងកូរ៉េខាងត្បូងទទូចឱ្យកូរ៉េខាងជើង ដកកងទ័ពរបស់ខ្លួនចេញពីរុស្ស៉ីជាបន្ទាន់។ ដោយឡែក ការធ្វើតេស្ដមីស៊ីលនៅថ្ងៃអង្គារនេះវិញ កើតមានឡើងក្រោយអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានដឹកនាំការធ្វើសមយុទ្ធជើងអាកាសរួមគ្នា ដោយមានការចូលរួមពីយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រអាមេរិក B-1B។
ការធ្វើសមយុទ្ធរួមគ្នារបៀបនេះតែងតែបង្កការខឹងសម្បារដល់កូរ៉េខាងជើង ដែលចាត់ទុកថាការធ្វើសមយុទ្ធនេះជាការត្រៀមលក្ខណៈឈ្លានពានប្រទេសរបស់ខ្លួន៕
ដោយ៖ ធីរីណា(រូបថត៖ KCNA)