ភ្នំពេញ៖ កុមារាម្នាក់ក្រោយចេញពីរៀននៅសាលាបឋមសិក្សាវត្តអង្គត្រគៀតបានទៅលេងទឹកស្រះក្នុងវត្តអង្គត្រគៀតស្រាប់តែលង់ទឹកបណ្តាលឱ្យស្លាប់ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងទឹកស្រះវត្តអង្គត្រគៀត ក្នុងភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
កុមារារងគ្រោះឈ្មោះ ង៉ែត ដេវីត អាយុ៦ឆ្នាំ ជាសិស្សថ្នាក់ទី១ នៅសាលាបឋមសិក្សាវត្តអង្គត្រគៀត(ក្នុងបរិវេណវត្តអង្គត្រគៀត) មានឪពុកជាសន្តិសុខ និងម្ដាយជាកម្មការិនីរោងចក្រ មានស្រុកកំណើតនៅភូមិដើមគរ ឃុំក្អែកយំ ស្រុកបុរីជលសារ ខេត្តតាកែវ និងស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ ។
តាមប្រភពកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ ឪពុកម្ដាយបានចេញទៅធ្វើការ ចំណែកក្មេងប្រុសរងគ្រោះនិងបងស្រីម្នាក់ទៀតបាននាំគ្នាទៅរៀន ប៉ុន្តែរៀនថ្នាក់ខុសគ្នា ។ ក្រោយមកក្មេងប្រុសរូបនោះចេញពីរៀនមុនបងស្រី ប៉ុន្តែអត់ទៅផ្ទះទេ រង់ចាំបងស្រីចេញពីរៀននៅវេលាម៉ោង១១ទើបទៅផ្ទះទាំងអស់គ្នា ។
ប្រភពដដែលបានឱ្យដឹងបន្តថា ពេលនោះក្មេងប្រុសខាងលើបានដើរទៅលេងនៅស្រះទឹកនោះ ហើយលោកគ្រូបង្រៀន បានហាមមិនឱ្យលេងទឹកទេ និងបានហៅឱ្យដើរចេញដែរ ប៉ុន្តែក្មេងប្រុសនេះអត់ព្រមចេញឡើយ ។ ក្រោយមកក៏បានចុះលេងទឹកស្រះខាងលើដែលមានជម្រៅប្រហែល១០ម៉ែត្រ បានលង់លិចបាត់ទៅក្នុងទឹកតែម្ដង ដោយគ្មាននរណាជួយទាន់ឡើយ។
ប្រភពខាងលើបានឱ្យដឹងទៀតថា ក្រោយពេលក្មេងប្រុសនោះលង់ទឹក មានក្មេងៗ១ក្រុមទៀតបានរត់ទៅប្រាប់ជាងដែលកំពុងសាងសង់ចេតិយ៍ក្នុងវត្តនោះឱ្យជួយ ទើបបង្កអោយមានការភ្ញាក់ផ្អើល ហើយក្រុមជាងបាននាំគ្នាចុះរាវក៏រកឃើញក្មេងប្រុសរងគ្រោះទើរនៅលើកាំជណ្ដើរស្រះទឹក ។ បន្ទាប់មកបានជួយសង្រ្គោះបឋម ឪពុកម្ដាយក៏បាននាំទៅកាន់មន្ទីរពេទ្យ ប៉ុន្តែពេលទៅដល់ត្រូវគ្រូពេទ្យប្រាប់ថា ក្មេងប្រុសនោះស្លាប់បាត់ទៅហើយ ។ ទើបដឹកសពត្រឡប់ទៅកន្លែងកើតហេតុវិញដើម្បីឱ្យនគរបាលធ្វើកោសល្យវិច័យ ហើយត្រៀមយកសពទៅធ្វើបុណ្យនៅវត្តជន្លង់ម្លូ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ៕
ដោយ៖ សុខាសែនជ័យ