ព័ត៌មានទាន់ហេតុការណ៍៖

គ្រាប់ស្វាយចន្ទីឆៅកម្ពុជាមានមុខព្រួញទីផ្សារថ្មីទៅប្រទេសចិន បន្ថែមពីលើទីផ្សារដែលមានស្រាប់ទៅប្រទេសវៀតណាម

ចែករំលែក៖

ភ្នំពេញ៖ ត្រឹមតែរយៈពេល ៧ខែដំបូង (គិតត្រឹមខែ កក្កដា) នៃឆ្នាំ ២០២៤ វៀតណាមបានចំណាយជាង ១ ពាន់លានដុល្លារ ដើម្បីនាំចូលគ្រាប់ស្វាយចន្ទីឆៅជិត ៧៩០,០០០តោនពីកម្ពុជា ។

តាមអគ្គនាយកដ្ឋានគយរបស់វៀតណាម បានឱ្យដឹងថា បរិមាណនាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជាបានកើនឡើងជាង ៣៤ ភាគរយជាបរិមាណ និងមានតម្លៃជាង ២៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បើយោងតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា គិតត្រឹមរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៤ (មករា- កញ្ញា) កម្ពុជាផលិតគ្រាប់ស្វាយចន្ទីចំនួន ៨៤ ម៉ឺនតោន កើន ២៦% ក្នុងនោះនាំចេញទៅវៀតណាមបានជាង ៧៩ ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ១ ពាន់ ១០ លានដុល្លារ កើន ៣៦% ខណៈតម្លៃកើន ៩% បើធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំ ពាក្យក្រសួងកិសកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានថ្លែងថា ការនាំចេញគ្រាប់ស្វាយចន្ទីទៅ កាន់ទីផ្សារក្រៅ ប្រទេស បច្ចុប្បន្នមានតែនាំចេញទៅប្រទេសវៀតណាមប៉ុណ្ណោះ ខណៈដែល ៩៤% នៃការនាំចេញកសិផលរបស់កម្ពុជាត្រូវបានបញ្ជូនទៅកាន់ទីផ្សារសំខាន់ចំនួនបីគឺ វៀតណាម,ថៃនិងចិន ។ លោកបញ្ជាក់ថា”វៀតណាម ទទួលគ្រាប់ស្វាយចន្ទីឆៅ ដំឡូងមី និងស្វាយស្រស់, ថៃទទួលដំឡូងមី ស្វាយស្រស់ និងម្រេច ចំណែក ចិនយកកន្ទក់ ចេក អង្ករ ដំឡូងមី និងស្វាយ” ។

ថ្មីៗនេះ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញថា កាលថ្ងៃទី ០១ ខែវិច្ឆិកាឆ្នាំ ២០២៤ សមាគមបានជួបប្រជុំពិភាក្សាជាមួយតំណាងខេត្តគង័ស៊ី ក្នុងកិច្ចសហប្រតិ្តការស៊ីជម្រៅទាក់ទងនឹងស្វាយចន្ទីកម្ពុជា។

លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជាបានប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រុមហ៊ុនរដ្ឋ និងឯកជនរបស់ខេត្តគង័ស៊ី ដាក់គោលដៅចំនួនពីរទី១ នាំចេញឱ្យគ្រាប់ស្វាយចន្ទីកម្ពុជាឱ្យបានលើស ៥០% នៃផលិតកម្មចន្ទីសរុបសម្រាប់រយៈពេលជាក់លាក់មួយ។ ទី២ រួមសហការបង្កើតជា E-Commerce Platform សំរាប់នាំយក ស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារធំៗលើពិភពលោក ជាពិសេស ទីផ្សារប្រទេសចិន ។

សូមបញ្ជាក់ថា តាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា កម្ពុជាបានក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅធំជាងគេទីពីររបស់ពិភពលោកដោយបរិមាណផលិតបានដល់ទៅ ៨៣០.០០០ តោនក្នុងរយៈពេល ៧ ខែដំបូង នៃឆ្នាំ ២០២៤ ។

កម្ពុជាមានគោលបំណងជំរុញផលិតកម្មគ្រាប់ស្វាយចន្ទី និងអភិវឌ្ឍរោងចក្រកែច្នៃ ព្រមទាំងធ្វើពិពិធកម្មទីផ្សារនាំចេញ តាមរយៈគោលនយោបាយជាតិគ្រាប់ស្វាយចន្ទីពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៧ ។ ជាមួយគ្នានេះ កម្ពុជារំពឹងថាសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីនឹងកើនឡើងពី ៥ ភាគរយទៅ ២៥ ភាគរយនៅឆ្នាំ ២០២៧ និងប្រហែល ៥០ ភាគរយនៅឆ្នាំ ២០៣២ ៕

ដោយ៖ សូរិយា


ចែករំលែក៖