ព័ត៌មានទាន់ហេតុការណ៍៖

រាយខ្សែភ្លើងដាក់​អន្ទាក់សត្វ​ បែរជាឆក់ខ្លួនឯងស្លាប់​នៅស្រុកពេជ្រាដា

ចែករំលែក៖

ខេត្តមណ្ឌលគីរី៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌល​គិរី​ បានឱ្យដឹងថា​ បុរសម្នាក់ ត្រូវបានខ្សែភ្លើងដែលខ្លួនបានរាយដាក់​អន្ទាក់សត្វ​បែរជាឆក់ខ្លួនឯងស្លាប់នៅនឹងកន្លែងកើតហេតុ​ កាលពីល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញនេះ​ នៅចំណុចភ្នំក្រាទូក ស្ថិតនៅក្នុងភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

ប្រភពដដែលបន្តថា​ បុរសដែលជាជនរងគ្រោះមានឈ្មោះ ណ្អើប តូន ភេទប្រុស  អាយុ៣៩ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ត្រូវបានខ្សែភ្លើងដែលខ្លួនបានរាយឆក់សត្វក៏បានឆក់ខ្លួនឯងស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។

យោងតាម​ការឆ្លេីយបំភ្លឺរបស់ឈ្មោះ កេត ធ្វិញ ភេទស្រី អាយុ៤០ឆ្នាំ ត្រូវជាប្រពន្ធ បានធ្វេីការបំភ្លឺប្រាប់សមត្ថកិច្ចយើងថា៖​ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៧និង០០​នាទី ប្តីរបស់ខ្លួនបានទៅដាក់អន្ទាក់​ស្វា​នៅចំណុចចំការស្រូវ ភ្នំក្រាទូក​ ដោយមានសម្ភារៈមួយចំនួនដូចខាងក្រោម៖

១- អាគុយ ១២០ អំពែរ ចំនួន(០១)។

២- ខ្សែលួស ចំនួន ០៣ដុំ ។

៣- ដុំឆក់ ចំនួន (០១)។ 

ប្រភព​ដដែល​បន្តថា​ រហូតដល់ម៉ោង ជាង៧យប់ថ្ងៃដដែលគាត់ដែលជាប្រពន្ធមិនឃេីញប្តីវិលត្រឡប់មកផ្ទះវិញស្មានតែប្តីដេីរផឹកតាមផ្ទះគេ ព្រោះគាត់ធ្លាប់តែអញ្ជឹង។ លុះដល់ព្រឹកឡេីងថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០៥ ទៀបភ្លឺនៅតែមិនឃេីញប្តីត្រឡប់មកផ្ទះវិញ នាងខ្ញុំក៏មានការសង្ស័យថាក្រែងគាត់ឆក់ខ្សែ​អន្ទាក់ដែលគាត់បានដាក់ ក៏ទៅតាមរកជា​មួយកូន។ ដេីរតាមខ្សែលួសដែលដាក់ជាប់ចម្ការស្រូវ ពេលដេីរដល់ក្បាលចម្ការក៏បានប្រទះឃេីញប្តីរបស់នាងខ្ញុំដេកស្លាប់ផ្កាប់មុខ ដោយជេីងខាង​ឆ្វេងជាន់លេីខ្សែភ្លើងដែលគាត់បានរាយនោះនៅក្រោមដេីមប្ញស្សីឃ្លៃ។ 

ក្រោយកេីតហេតុ​កម្លាំងសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យលើដងខ្លួនសាក​សពផ្នែកក្បាល ផ្នែកដងខ្លួន និងផ្នែកអវៈយវៈ ពុំមានស្លាកស្នាម ដាច់ ឬរលាត់នៅលើ សាកសពក្រៅពីស្លាកស្នាមត្រង់ចំណុចកែងជេីងឡើយ គឺមាន​ស្នាម​ជាំខ្មៅដោយខ្សែលួសឆក់ទើបសន្និដ្ឋានបានថាសពខាងលើពិតជាត្រូវបានខ្សែលួសដាក់ អន្ទាក់ឆក់ខ្លួនឯងស្លាប់ប្រាកដមែន។

បច្ចុប្បន្នសពត្រូវបានកម្លាំងជំនាញនៃអធិ​ការ​ដ្ឋាននគរបាលស្រុកពេជ្រាដាបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិនៃសព យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ​៖ តារា


ចែករំលែក៖