ខេត្តកំពត៖ នាថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន ផងដែរ។
បេសកកម្មនាឱកាសនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលស្ថានភាពសាងសង់ និងការងារបច្ចេកទេស ធានាឱ្យបានថាគម្រោងផ្លូវជាតិលេខ៣៣ អនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។
លោករដ្ឋលេខាធិការ បានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ដោយត្រូវតាមដានគុណភាពផ្លូវឱ្យកាន់តែល្អិតល្អន់ជាមុន នៅរដូវភ្ញៀវនេះ ពិនិត្យលទ្ធភាពលើការងារកាយប្រឡាយរំដោះទឹក បង្កើនការយកចិត្តទុកលើការងារបំពាក់បរិក្ខារសុវត្ថិភាព និងផ្លូវថ្មើជើង ពិនិត្យគំនូសផ្លូវឱ្យបានត្រឹមត្រូវតាមបច្ចេកទេស កំណត់ទីតាំងឱ្យបានច្បាស់លាស់ និងបោះបង្គោលដីចំណីផ្លូវឱ្យបានត្រឹមត្រូវ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែឆាប់រហ័ស។
គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៤នេះ វឌ្ឍនភាពនៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ បានសម្រេចលទ្ធផលការងារសរុបចំនួន ៩៨,៨៩%ហើយ។
គួររម្លឹកផងដែរថា៖ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ គម្រោងនេះមានប្រវែងប្រមាណ ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្តក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប៕
ដោយ ៖ សិលា