ភ្នំពេញ៖ នារសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពី«ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម នៃការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងក្របខណ្ឌលេខាធិការដ្ឋាននៃ គ.វ.រ.»។
សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយជូនថ្នាក់ ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ពីគោលការណ៍ នីតិវិធី លក្ខណៈវិនិច្ឆ័យ និងយន្តការនៃការវាយតម្លៃ ការលើកទឹកចិត្ត និងវិធានការវិន័យក្នុងការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម នៃការ អនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ក្រោយពីការធ្វើបទបង្ហាញរបស់វាគ្មិនជាថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ រួមមានបទបង្ហាញស្តីពី «ប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្រសួងមុខងារសាធារណៈ» និងបទបង្ហាញ ស្តីពី«ប្រព័ន្ធលើកទឹកចិត្តគាំទ្រមិទ្ធកម្មនៃការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» រួចមក សិក្ខាសាលាក៏មានការចូលរួមមតិ យោបល់ ក៏ដូចជាការសួរសំណួរ ដើម្បីឈ្វេងយល់បន្ថែម។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍សាជាថ្មីថា លោកពិតជាមានភ័ព្វសំណាង ដោយមានថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ជាសេនាធិការដែលមានឆន្ទៈ និងបទពិសោធ ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ រួមទាំងស្មារតីសាមគ្គីឯកភាពផ្ទៃក្នុងខ្ពស់ ដែលជាកត្តានាំឱ្យក្រសួងសម្រេចបាននូវសមិទ្ធកម្ម ដែលជាភាពជោគជ័យជាបន្តបន្ទាប់។ ដូច្នេះទើបមានការរៀបចំឱ្យមានការដាក់ឱ្យអនុវត្តប្រព័ន្ធ លើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ដែលជាផ្នែកមួយនៃការ កែទម្រង់រដ្ឋបាលសាធារណៈ ជាការតបស្នងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលបានចូលរួមចំណែកក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីរៀបចំប្រព័ន្ធរដ្ឋបាលសាធារណៈ មួយដែលមានសមត្ថភាពខ្ពស់ ខ្លាំង ទំនើប ឆ្លាតវៃ ស្អាតស្អំ សម្រាប់អ្នកជំនាន់ក្រោយ៕
ដោយ៖ សូរិយា