ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ស្នើឱ្យមន្ទីរពាក់ព័ន្ធនិងអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥បន្តយកចិត្តទុកដាក់លើកទឹកចិត្ដមនុស្សចាស់ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសនៃអនុគណៈកម្មការ ដើម្បីមនុស្សចាស់កម្ពុជា រាជធានីភ្នំពេញ បានស្នើឱ្យ មន្ទីរពាក់ព័ន្ធនិងអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥បន្តយកចិត្តទុកដាក់ លើកទឹកចិត្ដដល់មនុស្សចាស់ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋា ភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺមិនទុកឱ្យមនុស្សវ័យចាស់រស់នៅឯកកោឡើយ។

  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្នើបែបនេះ ក្នុងពិធីសំណេះសំណាល ជាមួយមនុស្សវ័យចាស់ក្នុងរាជធានីភ្នំពេញចំនួន៥២៥នាក់ ក្នុងឱកាសអបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ០១ តុលា ២០២៤នៅសាលារាជធានីភ្នំពេញ  នាព្រឹកថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០២៤ ។ 

  លោក ឃួង ស្រេង បានបញ្ជាក់ថា៖ លោក អ៊ុំ លោកពូ អ្នកមីង វ័យចាស់កន្លងមកនេះបានចូលរួមសកម្មភាពជាមួយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន តាំងពីឆ្នាំ១៩៧៩មក ក្នុងការកសាងប្រទេសជាតិអោយអភិវឌ្ឍន៏ រីកចម្រើន ជឿនលឿនរហូតមកដល់បច្ចុប្បន្ននេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតមិនភ្លេចគុណបំណាច់មនុស្សចាស់ឡើយ ហើយក្មេងជំនន់ក្រោយ បាននិងកំពុងអនុវត្តអោយសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលជាបំណងប្រាថ្នារបស់ឱពុកម្តាយគ្រប់រូប។នេះជាមោទនៈភាពរបស់យើងទាំងអស់គ្នា ដែលមានថ្នាក់ដឹកនាំដ៏ឆ្នើម គឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

    លោក ឃួង ស្រេង បានបន្ដថា៖ ការបង្កើតអោយមានកម្មវិធីជួបសំណេះសំណាលសួរសុខទុក្ខមនុស្សវ័យចាស់ក្នុងរាជធានីភ្នំពេញនេះធ្វើឡើង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះមនុស្សចាស់ ដែលពួកគាត់កន្លងមកបានយកអស់កម្លាំងកាយចិត្ត ក្នុងការបំរើជាតិមាតុភូមិនិងអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី២៦ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់ អន្តរជាតិ ១ តុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ “មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល”។

  លោក ឃួង ស្រេង អភិបាលរាជធានី បានបញ្ជាក់ថា អំណោយដែលផ្តល់ជូនលោក អ៊ុំ លោកពូ អ្នកមីង វ័យចាស់ទាំង៥២៥នាក់នាពេលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង.លោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយក្នុង០១រូបៗ ទទួលបានអង្គរចំនួន ២៥ គីឡូក្រាម,ភួយ០១,ក្រមា០១,ត្រីខ ០១យូរ (១០កំប៉ុង),មី ០១កេសតូច,ទឹកបរិសុទ្ធ០១ កេសនិងថវិកា ចំនួន៥០,០០០រៀល។

  ក្នុងឱកាសនោះដែរលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ ឯកឧត្តមឃួង ស្រេង តែងតែដឹកនាំផ្តួចផ្តើមចង្អុលបង្ហាញជាប់ជាប្រចាំ ឱ្យគ្រប់មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ គិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់មនុស្សវ័យ ចាស់តាមរយៈការជួយឧបត្ថម្ភគាំទ្រ ទាំងផ្នែកស្មារតី ថវិកា និងសម្ភារៈ ចែកជូនដល់មនុស្សវ័យចាស់ ជាពិសេសមនុស្សវ័យចាស់ ដែលស្ថិតក្នុងគ្រួសារក្រីក្រ និង ជួបការលំបាក។

     លោកស្រីបន្តថា៖ ក្នុងរយៈពេល០៩ខែ ឆ្នាំ២០២៤នេះ នៅក្នុងរាជធានីភ្នំពេញមនុស្សវ័យចាស់អាយុចាប់គិតចាប់ពី៦១ឆ្នាំឡើងទៅសរុបចំនួន១៩២,៣៩៩នាក់ (ស្រី៩៩,២៤២) នាក់។ បានកំពុងគ្រប់គ្រងសមាជិកសមាគមមនុស្សចាស់ ចំនួន២២,១៤៩នាក់ (ស្រី១៣,៧៥០នាក់)។ បានសហការធ្វើបញ្ជីបច្ចុប្បន្នភាពតាមមូលដ្ឋានសង្កាត់ទាំង១០៥ នៃប្រមូលទិន្នន័យមនុស្សវ័យចាស់ជរាចំនួន ៣,៥២០នាក់ (ស្រី១,៧៣៣នាក់)៕  

ដោយ ៖ សំរិត


ចែករំលែក៖