ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋនៅខណ្ឌច្បារអំពៅ ស្នើឱ្យអាជ្ញាធររាជធានី ខណ្ឌ ជួយដោះស្រាយបញ្ហា ទឹកលិចនៅភូមិមិត្ដភាព ភូមិឬស្សីស្រស់ ក្បាលកោះ និងដាក់បង្គោលភ្លើងបំភ្លឺផ្លូវ សាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅខណ្ឌច្បារអំពៅ ស្នើឱ្យអាជ្ញាធររាជធានី ខណ្ឌ ជួយដោះស្រាយបញ្ហា ទឹកលិចនៅភូមិមិត្ដភាព  ភូមិឬស្សីស្រស់ ក្បាលកោះ លិចយូរ ដាក់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ នៅផ្លូវអ្នកតាឃ្លាំង ផ្លូវវាលស្បូវ ស្ដារបណ្ដាញលូ  ប្រឡាយ នៅបណ្ដោយផ្លូវព្រែកឯង ។ ប្រជាពលរដ្ឋស្នើសុំបែបនេះ នៅក្នុងពិធី វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់រាជធានី ដឹកនាំដោយលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា និងលោក ហួត ហៃ អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ពិធីនេះត្រូវបានធ្វើឡើងនៅវត្ដវាលស្បូវ ខណ្ឌច្បារអំពៅ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ 

    ក្នុងវេទិការសាធារណៈនេះ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ បានលើកឡើងជាសំណើរ និងសំណូមពរ ជាច្រើនដូចជា ប្រជាពលរដ្ឋ ស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ ខណ្ឌ សង្កាត់ ជួយស្ដារប្រឡាយលូ ជួយដាក់បង្គោលភ្លើង បំភ្លឺផ្លូវសាធារណៈ ជួយទប់ស្ដាត់សំឡេងរំខាន ពីសិប្បកម្ម សម្លៀងថ្ម នៅសង្កាត់វាលស្បូវរាល់ថ្ងៃ និងការបង់ពន្ធលើអចលនៈទ្រព្យមានភាពពិបាក់ ដើម្បីឲ្យអាជ្ញាធររាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធជួយដោះស្រាយ ។ 

 ពាក់ព័ន្ធនឹងសំណើរ និងសំណូមពរប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាទាំងនេះត្រូវបាន លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានលើកឡើងថា ការស្ដារប្រឡាយលូ ដាក់បង្គោលភ្លើង គឺយើងកំពុងពិចារណា និងស្នើទៅថ្នាក់លើហើយ ។ បញ្ហាទឹកលិចភូមិមួយចំនួន នៅខណ្ឌច្បារអំពៅអាជ្ញាធរ ខណ្ឌក្រុងកំពុងលើកគម្រោង ទៅរដ្ឋបាលរាជធានីភ្នំពេញ ទៅថ្នាក់ជាតិ ដើម្បីធ្វើការស្ដារ និងសាងសង់ធរាសាស្ដ្រ ដាក់ម៉ាស៊ីនបូម ឬក៏ត្រូវសាងសង់ស្ថានីយបូមតែម្ដង ។

  លោកបានបន្ដថា ក្រៅពីសំណើរលើសពីសមត្ថភាព របស់ថ្នាក់ខណ្ឌ អាជ្ញាធរ និងពិនិត្យលទ្ធភាព ដើម្បីធ្វើលើកគម្រោងទៅថ្នាក់ជាតិ តាមក្រោយ ។

  លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនៅព្រឹកនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធបញ្ហា៦ ចំណុច ដែលទាក់ទងនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បណ្ហាទឹកលិចភូមិឋានប្រជាពលរដ្ឋ បញ្ហាដាក់ដំឡើងបង្គោលភ្លើង និងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន បញ្ហាគ្រឿងញៀនទឹក ភ្លើង និងបញ្ហាអភិវឌ្ឍមូលដ្ឋាន។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញការចូលរួមមតិយោបល់ និងលើក ឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតជាបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនាពេលកន្លងមក ដើម្បីរដ្ឋបាលរាជធានី កែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និងមាន ប្រសិទ្ធភាពក្នុងនាមជាតំណាងរដ្ឋបាលសាធារណៈ។

  លោក ម៉ប់ សារិន បានអះអាងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ ពោលគឺនៅក្នុងខែតុលា វិច្ឆិកា និងខែធ្នូ ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ដែលមានដូចជា បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍មូលដ្ឋានជាដើម ។

   លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា វេទិកានេះ មានប្រជាពលរដ្ឋលើកឡើងជាសំណើរ និងសំណូមពរដោយផ្ទាល់មាត់ និងសំណើរជាលាយលក្ខណ៍អក្សរ មានចំនួន៤៥ច្បាប់ ហើយរាល់សំណើ និងសំណូម ដោយផ្ទាល់មាត់នេះ ត្រូវបានស្រាយបំភ្លឺរួចរាល់ និងបន្តតាមដានពីវឌ្ឍនភាពបន្តទៀត។ ចំពោះសំណើជាលាយលក្ខណ៍អក្សរ ដែលមិនអាចឆ្លើយនៅពេលនេះបាន ទោះយ៉ាងណាយើងនឹងយកសំណើរនេះទៅរកដំណោះស្រាយ ហើយចេញជាចម្លើយនៅពេលក្រោយ  ហើយក្រុមការងារនឹងប្រជុំពិភាក្សាពិនិត្យលទ្ធភាព ដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍ ៣ឆ្នាំរំកិល។

   តាមរយៈការផ្សព្វផ្សាយរបស់រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញនូវសមិទ្ធផលជាច្រើន ដែលគណៈអភិបាលរាជធានីភ្នំពេញ សម្រេចបាន។ ការចូលរួមផ្តល់មតិយោបល់ និងការលើកឡើងនូវសំណើរសំណួររបស់បងប្អូនប្រជាពលរដ្ឋនាថ្ងៃនេះ បាននាំមកនូវសក្តានុពលដ៏ធំធេងនឹងធ្វើរដ្ឋបាលរាជធានីភ្នំពេញ អាចឆ្លុះបញ្ចាំងបានចំណុចខ្វះខាតចំណុចអវិជ្ជមានដែលបានអនុវត្តកន្លងមក អាចឲ្យរដ្ឋបាលរាជធានីភ្នំពេញ យកទៅអនុវត្តនិងធ្វើការកែលម្អឡើងវិញ ឲ្យបានសមស្របតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ ៕ 

ដោយ ៖ សំរិត


ចែករំលែក៖