ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវជនរងគ្រោះចាប់ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទឹកថ្លា បន្ទាប់ពីរូបគេប៉ុនប៉ងលួចម៉ូតូមិនបានសម្រេច ។
ករណីនេះកើតឡើងកាលពីម៉ោង១៣និង៤០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ក្នុងផ្ទះសំណាក់មនោរម្យរីករាយ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ហម ពៅ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើតភូមិឈ្នេះជ័យលើ ឃុំរាធរ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
ចំណែកដើមបណ្តឹងឈ្មោះ ភីន ចិត្រា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល សង្កាត់បឹងស្រឡាង ខណ្ឌទួលគោក និងមានស្រុកកំណើតភូមិសង្កែជ្រុំ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
តាមសំដីដើមបណ្តឹងបានប្រាប់សមត្ថកិច្ចថា នៅមុនកើតហេតុ គាត់បានជិះម៉ូតូរបស់គាត់ ម៉ាក ហុងដា ឌ្រឹមសង់សេ១២៥ ពណ៌ខៀវ សេរី ឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FR-1349 ចូលទៅដេកក្នុងផ្ទះសំណាក់ខាងលើ រហូតដល់ ម៉ោង ១៣និង ៤០នាទីគាត់ចុះមកវិញ ស្រាប់តែឃើញជនសង្ស័យអង្គុយលើម៉ូតូរបស់គាត់ពេលនោះ គាត់បានយកកូនសោម៉ូតូ មកចាក់ ស្រាប់តែឃើញគ្រាប់សោរបែកខ្ទេចអស់ ក៏ចាប់ជនខាងលើឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។
នៅចំពោះមុខ សមត្ថកិច្ចជនសង្ស័យបានសារភាពថា រូបគេពិតជាមានបំណងកាច់សោកម៉ូតូនោះពិតមែន តែត្រូវម្ចាស់គេទាន់ ក៏ចាប់យកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការតាមនិតិវិធី៕ តុង សីហា