ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានលង់ទឹកស្លាប់ និង២នាក់ទៀត ត្រូវបានក្រុមគ្រួសារ និងប្រជាពលរដ្ឋទៅកម្សាន្តនៅឆ្នេរអូរឈើទាល ជួយសង្គ្រោះទាន់។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោងជិត៤រសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចឆ្នេរអូរឈើទាល ស្ថិតក្នុងក្រុម១៧ សង្កាត់លេខ៤ ក្រុង- ខេត្តព្រះសីហនុ។
បើតាមមន្ត្រីនគរបាលមូលដ្ឋានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ តាំង ពុយហ៊ាង ភេទប្រុស អាយុ៥៥ឆ្នាំ មានមុខរបរជាអាជីវករ រស់នៅឯខេត្តកំពង់ចាម។ រីឯជនរងគ្រោះ២នាក់ទៀត ដែលគេជួយ សង្គ្រោះស្រង់ពីទឹកបាននោះ ទី១ឈ្មោះ ច្រឹង ហៃ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅក្នុងរាជធានីភ្នំពេញ និងទី២ឈ្មោះ ហ៊ុន សៀងហេង ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅឯខេត្តកំពង់ចាម។
តាមប្រភពនៅកន្លែងកើតហេតុគេបានឲ្យដឹងថា នៅមុនពេលជនរងគ្រោះលង់ទឹកគេបានជនរងគ្រោះទាំង៣នាក់ជួលពោងកង់ឡានមួយ យកទៅជិះបណ្តែត ហែលរួមគ្នា។ ពេលដែលអណ្តែតទៅចំណុចទឹកជ្រៅ ចៃដន្យមានរលកធំ និងទឹកហូរគួចផងនោះ ធ្វើឲ្យពោង ក្រឡាប់ បណ្តាលឲ្យជនរងគ្រោះរបូតដៃពីពោងលិចលង់តែម្តង។ ភ្លាមៗនោះ គេបាននាំគ្នាទៅជួយជនរងគ្រោះ តែទម្រាំមកដល់ច្រាំងជនរងគ្រោះម្នាក់បានដាច់ខ្យល់ស្លាប់តែម្តង។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្រោយពីកើតហេតុ ជនរងគ្រោះដែលស្លាប់ត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅធ្វើបុណ្យនៅលំនៅដ្ឋានឯខេត្តកំពង់ចាម និងជនរងគ្រោះ២នាក់ ដែលរួចផុតពីសេចក្តីស្លាប់ បានចេញពីមន្ទីរពេទ្យត្រឡប់មកជាមួយក្រុមគ្រួសារទៅកាន់លំនៅដ្ឋានវិញ។
គួរបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋដែលបានទៅកម្សាន្តជាលក្ខណៈគ្រួសារ ជាពិសេសតំបន់មានទឹក ត្រូវប្រយ័ត្នប្រយ៉ែងឲ្យបានខ្ពស់ ចំពោះកូនតូចៗ ហើយចំពោះមនុស្សវ័យចំណាស់ក៏គួរប្រុងប្រយ័ត្នផងដែរ ជៀសវាងកើតមានការគ្រោះថ្នាក់ដូចជនរងគ្រោះ ដែលមានវ័យចំណាស់ខាងលើនេះ៕ ឆ្លាមសមុទ្រ