ភ្នំពេញ: តំណាងប្រជាពលរដ្ឋទាំង៥សង្កាត់ បានលើកឡើងអំពីបញ្ហាទឹកស្អាតរបស់ក្រុមហ៊ុនឯកជនទឹកស្អាត ព្រៃគុបខនស្ត្រាក់សិន ដែលប្រជាពលរដ្ឋកំពុងតែប្រើប្រាស់ក្នុងខណ្ឌព្រែកព្នៅនាពេលបច្ចុប្បន្ននេះ ក្នុងកិច្ចប្រជុំពិភាក្សារកដំណោះស្រាយបញ្ហាទឹកស្អាត ជូនប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៦ ដែលមានការចូលរួមពី លោកឯក សុនចាន់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និង សិប្បកម្ម លោកសុខ សម្បត្តិអភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ ព្រមទាំងមន្ត្រីសាលាខណ្ឌ និងសាលាសង្កាត់ ភូមិជាច្រើននាក់ចូលរួមផងដែរ ។
លោកសុខ សម្បត្តិ បានអានរបាយការណ៍អំពីប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅដែលបានប្រើប្រាស់ទឹកស្អាត មានចំនួន៤សង្កាត់ក្នុងចំណោមសង្កាត់ទាំង៥។ សង្កាត់ដែលមានទឹកស្អាតប្រើច្រើនមាន សង្កាត់សំរោង សង្កាត់ព្រែកព្នៅ សង្កាត់គោករការ និងសង្កាត់ពញ្ញាពន់ ចំណែកសង្កាត់ពន្សាំងមិនទាន់មានទឹកស្អាតចូលទៅដល់ទេ ហើយខាងអាជ្ញាធរខណ្ឌក៏ខិតខំជួយជំរុញក្រុមហ៊ុនទឹកស្អាតឯកជនតបណ្តាញទុយោមេអោយបានដល់គ្រប់ទីកន្លែងទាំអស់ក្នុងខណ្ឌព្រែកព្នៅ។
ការប្រជុំរកដំណោះស្រាយបញ្ហាទឹកស្អាតនេះដែរ លោកពេជ្រ ស៊ីនួន តំណាងប្រជាពលរដ្ឋសង្កាត់ព្រែកព្នៅបានលើកឡើងថា បច្ចុប្បន្នប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកស្អាតរបស់ក្រុមហ៊ុនឯកជនមួយនេះ បានលើកឡើងជាច្រើនចំណុចគឺ ទី១ បញ្ហាតម្លៃ ទី២ ទឹកចេញខ្សោយ និងមិនស្អាត ទី៣ បញ្ហាសេវ៉ានិងបុគ្គលិកប្រើប្រាស់ពាក្យពេជ្រនិងអាកប្បកិរិយាមិនល្អ ដែលតែងតែប្រជាពលរដ្ឋធ្លាប់ជួបប្រទះកន្លងមក។
លោកនួន ប៊ុន អនុភូមិសំរោងជើង បានលើកឡើងផងដែរថា ប្រជាពលរដ្ឋក្នុងភូមិរបស់លោកជាច្រើនបាននាំគ្នាត្អូញត្អែថា ខាងក្រុមហ៊ុនបានយកតម្លៃផាកពិន័យរហូតដល់២០ដុល្លា ក្នុងការយឺតយ៉ាវក្នុងការបង់សេវ៉ា ដែលមិនបានផ្តល់ដំណឹងជាមុន ហើយតំបន់ខ្លះផ្តល់ទឹកមិនគ្រប់គ្រាន់ ហើយតម្រូវអោយប្រជាពលរដ្ឋតទុយោដោយខ្លួបឯងទៅកាន់ទីតាំងឆ្ងាយ និងទឹកមានធំក្លិនក្លរ័ ហើយប្រជាពលរដ្ឋភាគច្រើនចង់បានទឹករដ្ឋ ពីព្រោះបច្ចុប្បន្នខណ្ឌព្រែកព្នៅបានកាត់ចូលក្រុងហើយ។
ដោយឡែកលោក ឯក សុនចាន់និយាយ សុំការយោគយល់ពីប្រជាពលរដ្ឋទាំង៤សង្កាត់ជាពិសេសសង្កាត់ពន្សាំង ដែលអត់មានទឹកស្អាតប្រើប្រាស់ តទៅលោកនិងខំជំរុញបន្ថែមទៀតដើម្បីអោយប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅទាំងមូលមានទឹកស្អាតប្រើប្រាស់ តែជំហ៊ានដំបូងលោកដោះស្រាយអណ្តូងទឹកចំនួន ២៤ជាមុនសិន ហើយខាងអាជា្ញធរត្រូវតែធ្វើជាអាជ្ញាកណ្តាល មិនមានការលំអៀងទៅខាងក្រុមហ៊ុនឯកជនឬប្រកាន់និន្នាការណ៍នយោបាយជាដាច់ខាត៕ ព្រែកជ័យ