ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដង្ហែព្រះមហាក្សត្រ យាងប្រទានភ្លើងជ័យ អបអរសាទរ ទិវាបុណ្យឯករាជ្យជាតិលើកទី៧១ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧១ នៅវិមានឯករាជ្យ ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ព្រះរាជពិធីបុណ្យឯករាជ្យជាតិលើកទី៧១ មានការយាង និងអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីអង្គទូតនានា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន យុវតី សិស្សានុសិស្ស និងមហាជនយ៉ាងច្រើនកុះករ។

ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា បានរំលឹកឱ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ក្នុងព្រះរាជបូជណីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដជូនកម្ពុជា។

កូនចៅប្រជានុរាស្រ្ត ចងចាំជានិច្ចនូវព្រះរាជស្នាព្រះហស្ថដ៏ឧត្តុង្គឧត្តម នៃព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ក្នុងការទាមទារឯករាជ្យជូនជាតិនៅថ្ងៃទី៩ វិច្ឆិកា ១៩៥៣៕

ដោយ ៖ សិលា


ចែករំលែក៖