ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រី ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ និងគ្រប់ភាគីពាក់ព័ន្ធ ខិតខំស្វែងរកបច្ចេកវិទ្យាថ្មីៗ លើការងារលើកកម្ពស់អនាម័យជនបទ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៥ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជាអនុសាសន៍ និងគំនិតផ្តួចផ្តើមសំខាន់ៗចំនួន ៩ចំណុច ដើម្បីលើកកម្ពស់អនាម័យជនបទ ដោយណែនាំក្រសួងអភិវឌ្ឍន៍ជនបទ និងគ្រប់ភាគីពាក់ព័ន្ធ ខិតខំស្វែងរកបច្ចេកវិទ្យាថ្មីៗ លើការងារលើកកម្ពស់អនាម័យជនបទ ។

បើតាមសារលិខិតអបអរសាទរទិវាជាតិ លើកកម្ពស់អនាម័យជនបទ លើកទី១៥ សម្ដេចធិបតី បានលើក ទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមសហការ និងយកចិត្តទុកដាក់កាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីជំរុញ និងពន្លឿនអត្រាគ្របដណ្តប់អនាម័យជនបទនៅកម្ពុជា បានកាន់តែប្រសើរឡើង និងឈានទៅ សម្រេចតាមគោលដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ។

ជាមួយនេះ សម្ដេចនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ និងគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួនរួមមាន៖

ទី១- បន្តពង្រឹងយន្តការក្នុងការសម្របសម្រួល និងសហប្រតិបត្តិការលើការងារលើកកម្ពស់អនាម័យជនបទ ឱ្យកាន់តែប្រសើរឡើង តាមរយៈក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ទី២- ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តចូលរួមសហការ ឱ្យកាន់តែទូលំទូលាយ និងជិតស្និទ្ធបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងដើម្បី ឈានទៅសម្រេចគោលដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានកំណត់ថា នៅ ឆ្នាំ២០៣០ ត្រូវសម្រេចឱ្យបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យ ១០០% នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ទី៣- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តខិតខំស្វែងរកការគាំទ្រ និងកៀរគរធនធានពីដៃគូអភិវឌ្ឍ វិស័យឯកជន ក៏ដូចជាសប្បុរសជននានា ដើម្បីចូលរួមចំណែកជំរុញ និងលើកកម្ពស់អនាម័យជនបទ។

ទី៤- ក្រសួងអភិវឌ្ឍន៍ជនបទ បន្តយកចិត្តទុកដាក់ និងពង្រឹងយន្តការចងក្រងប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្រា គ្របដណ្តប់អនាម័យជនបទ ឱ្យបានកាន់តែច្បាស់លាស់ និងប្រកបដោយទំនុកចិត្ត ដើម្បីប្រើប្រាស់ជាមូលដ្ឋាន ក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការងារលើកកម្ពស់អនាម័យជនបទ។

ទី៥- ត្រូវខិតខំស្វែងរកបច្ចេកវិទ្យាថ្មីៗ ទាក់ទងនឹងការងារលើកកម្ពស់អនាម័យជនបទ ដែលសមស្របនិង មានភាពធន់ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការគ្រប់គ្រងកាកសំណល់លាមក។

ទី៦- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងអង្គការមិនមែន រដ្ឋាភិបាល រៀបចំផែនការយុទ្ធសាស្ត្រជាតិ ក៏ដូចជាផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជំហានទី៣ សម្រាប់ប្រើប្រាស់ជាផែនទីបង្ហាញផ្លូវ ក្នុងការជំរុញការលើកកម្ពស់អនាម័យជនបទ។

ទី៧- លើកទឹកចិត្ត និងគាំទ្រតាមគ្រប់រូបភាពដល់ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដែលមាន អត្រាអនាម័យទាប ឱ្យទទួលបានអត្រាអនាម័យកាន់តែប្រសើរ និងឈានទៅសម្រេចបានជាខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ។

ទី៨- ត្រូវបន្តយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតចំពោះក្រុមងាយរងគ្រោះ ជនក្រីក្រ ជនជាតិ ដើមភាគតិច ស្ត្រីមេម៉ាយ ជនពិការ និងអ្នកដែលរស់នៅក្នុងតំបន់ប្រឈម ដើម្បីឱ្យពួកគាត់មានលទ្ធភាពទទួលបាន សេវាអនាម័យជនបទកាន់តែប្រសើរឡើង។

ទី៩- បន្តជំរុញ និងលើកកម្ពស់ការលាងសម្អាតដៃនឹងសាប៊ូ នៅតាមទីសាធារណៈ សហគមន៍ សាលារៀន និងស្ថាប័នសាធារណៈ តាមរយៈការបង្កើតកន្លែងលាងដៃសាធារណៈ៕

ដោយ ៖ សិលា


ចែករំលែក៖