ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៥ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា អត្រាគ្របដណ្តប់អនាម័យរបស់សហគមន៍ជនបទ នៅកម្ពុជាបច្ចុប្បន្ន បានកើនឡើងដល់ជាង ៩០% ។
បើតាមសារលិខិតអបអរសាទរទិវាជាតិ លើកកម្ពស់អនាម័យជនបទ លើកទី១៥ សម្ដេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី១៣ ខែវិច្ឆិកា ជាថ្ងៃប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទ ដើម្បីផ្សព្វផ្សាយ ក្រើនរំលឹក អំពីសារៈសំខាន់នៃការលើកកម្ពស់អនាម័យជនបទ និងរួមគ្នាធ្វើឱ្យកាន់តែប្រសើរឡើង នូវស្ថានភាពអនាម័យជនបទនៅកម្ពុជា។
សម្ដេចធិបតី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការលើកកម្ពស់អនាម័យជនបទ ដែលក្នុងនោះ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានបញ្ជាក់យ៉ាងច្បាស់នូវការបន្តជំរុញការអភិវឌ្ឍជនបទ តាមរយៈការបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ដោយផ្តោតលើការពង្រីកវិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។ បន្ថែមពីនេះ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ បានដាក់ចេញនូវគោលដៅ ក្នុងការបន្តជំរុញការអនុវត្តផែនការសកម្មភាពផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឱ្យសម្រេចបានអត្រាគ្របដណ្តប់ ១០០% នៅឆ្នាំ២០៣០។
សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អត្រាកំណើននៃការទទួលបានសេវាអនាម័យជនបទ នៅក្នុងប្រទេសកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ និងប្រកបដោយមោទនភាព ដោយបច្ចុប្បន្ន អត្រាគ្របដណ្តប់អនាម័យរបស់សហគមន៍ជនបទ នៅកម្ពុជា បានកើនឡើងដល់ប្រមាណជាង ៩០% ក្នុងនោះមានភូមិចំនួន ៩ ៦៧៥, ឃុំចំនួន៧៩៥, ស្រុកចំនួន៧៩, ក្រុងចំនួន១៥, ខណ្ឌចំនួន១៤ និងខេត្តចំនួន១០ រួមមាន៖ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តរតនគិរី និង ខេត្តសៀមរាប ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។ ទន្ទឹមនេះ ក្នុងចំណោមខេត្តខាងលើ មានខេត្តមួយចំនួន បាននិងកំពុងវាយតម្លៃ ដើម្បីឈានទៅសម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា វឌ្ឍនភាពគួរជាទីមោទនៈនេះ គឺសបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងយន្តការសម្រាប់អនុវត្តប្រកបដោយប្រសិទ្ធភាព ក៏ដូចជាមានការចូលរួមសហការយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យអនាម័យជនបទ រួមទាំងការចូលរួមរបស់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ ជាពិសេស ក៏បានឆ្លុះបញ្ចាំងអំពីការកើនឡើងនូវកម្រិតយល់ដឹងអំពីសារៈសំខាន់នៃការប្រតិបត្តិអនាម័យជនបទផងដែរ ។
សម្ដេចធិបតី ក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល គ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋនៅតំបន់ជនបទ ដែលចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់អនាម័យជនបទ ឱ្យសម្រេចបានសមិទ្ធផលយ៉ាងត្រចះត្រចង់នេះ ៕
ដោយ ៖ សិលា