ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាសេចក្តីព្រាង “ពិធីសាររវាងអគ្គរដ្ឋបាលគយចិន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច ចត្តាឡីស័ក និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំពីកម្ពុជាទៅចិន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះលោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារនៃរដ្ឋបាលព្រៃឈេី ត្រូវគ្រប់គ្រង និងចុះបញ្ជីអ្នកចិញ្ចឹមត្រចៀកកាំ ដេីម្បីឱ្យអ្នកចិញ្ចឹមបានយល់ដឹងពីច្បាប់បទដ្ឋាននានា កិច្ចសន្យានៃការចិញ្ចឹមដោយមិនរំខានដល់អ្នកដទៃ តាមដានការចិញ្ចឹមឱ្យមានភាពច្បាស់លាស់ និងជំងឺឆ្លងផ្សេងៗ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានប្រគល់ភារកិច្ចជូនដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងការតាមដានយកចិត្តទុកដាក់ពិនិត្យជំងឺឆ្លងនានា នៃការចិញ្ចឹមត្រចៀកកាំនេះឱ្យបានជាប់លាប់ ដេីម្បីធានាបាននូវសុវត្ថិភាពសុខភាពសាធារណៈ ផ្តល់ផលចំណេញដល់អ្នកចិញ្ចឹម ជាពិសេសជំរុញដល់ការនាំចេញកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។
ឆឆ្លៀតក្នុងឱកាសនេះដែរលោករដ្ឋមន្ត្រី បានណែនាំដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវស្រាវជ្រាវ និងស្វែងយល់ពីនីតិវិធីរៀបចំបណ្តុំនៃអ្នកចិញ្ចឹមត្រចៀកកាំទៅតាមពេលនីមួយៗ (Batch Management) ឱ្យមានភាពច្បាស់លាស់ មានភាពម្ចាស់ការ មានប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងមានភាពងាយស្រួលក្នុងការតាមដានតាមប្រព័ន្ធ សម្រាប់បម្រើដល់ការនាំចេញ៕
ដោយ៖ សូរិយា