ភ្នំពេញ៖ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា អ្នកឧកញ៉ា លី ឃុនថៃ បានប្រាប់បណ្ដាញសារព័ត៌មានថា៖ វិស័យកាត់ដេរផ្នែកខាងផលិតស្បែកជើង និងផលិតផលធ្វើដំណើរនៅឆ្នាំ២០២៤នេះ មានសន្ទុះខ្លាំងដោយការនាំចេញកើនឡើងជាង២០%ធៀបនឹងឆ្នាំ២០២៣។
ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជារូបនេះ បានគូសបញ្ជាក់ថា៖ ភាពល្អប្រសើរ ក្នុងការនាំចេញវិស័យកាត់ដេរផ្នែកខាងផលិតស្បែកជើង និងផលិតផលធ្វើដំណើរ គឺដោយសារតែស្ថានភាពនឹងនរបស់សេដ្ឋកិច្ច និងនយោបាយកម្ពុជា ។ ម៉្យាងអ្នកបញ្ជាទិញក៏ដូចជារោងចក្រពីបរទេស មានទំនុកចិត្តមកលើកម្ពុជា ។
លោកប្រធានសមាគម ក៏បានបង្ហាញនូវការព្យាករថា «តាមការវិភាគរបស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា សម្រាប់ឆ្នាំ២០២៥ ការបញ្ជាទិញនឹងអាចកើនឡើងច្រើនជាងឆ្នាំ២០២៤ ដែលកើនឡើងយ៉ាងតិចមិនក្រោម២០ទៅ៣០ភាគរយនោះទេ »។
កន្លងមកការនាំចេញផលិតផលស្បែកជើង និងសម្ភារធ្វើដំណើរក្នុងចំនួនដ៏ច្រើនគួរសមទៅប្រទេសអឺរ៉ុប ប្រទេសអង់គ្លេស អាមេរិក កាណាដា និងបណ្តាប្រទេសក្នុងអាស៊ីដូចជា ជប៉ុន និងកូរ៉េ ជាដើម។ អ្នកឧកញ៉ាបន្ថែមថា សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បាន និងកំពុងជំរុញវិស័យស្បែកជើង និងផលិតផលធ្វើដំណើរឱ្យកាន់តែរីកចម្រើន។
អ្នកឧកញ៉ា លី ឃុនថៃ បានគូសរំលេចថា រយៈពេល ៩ខែ ឆ្នាំ២០២៤នេះ ការនាំចេញស្បែកជើងមានការកើនឡើង ២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះមានការនាំចេញទៅអឺរ៉ុប អាមេរិក និងអាស៊ី ដែលមានចិនផងដែរ។ ទន្ទឹមនេះក្នុងឆ្នាំ២០២៤នេះដែរ នៅសល់ប្រមាណ២ខែទៀត ការនាំចេញអាចនឹងកើនឡើងបន្តទៀត ក៏ប៉ុន្តែទឹកប្រាក់មិនទាន់អាចប៉ាន់ស្មានបានទេ។
បន្ថែមពីនេះ ប្រធានសមាគមស្បែកជើងកម្ពុជា បានបញ្ជាក់ថា កម្ពុជា បច្ចុចប្បន្នហោចណាស់មាន៨០រោងចក្រ កំពុងដំណើរការផលិតស្បែកជើងនៅកម្ពុជា៕ដោយ៖តារា
រូបភាព៖ AMS