ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋព័ទ្ធចាប់បានជនសង្ស័យម្នាក់ បន្ទាប់ពីកាច់សោ.កម៉ូតូគេបានហេីយបម្រុងរត់គេច

ចែករំលែក៖

ភ្នំពេញ ៖​ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋ ចាប់ប្រគល់ឲ្យសមត្ថកិច្ចខណៈពេលដែលធ្វើសកម្មភាពកាច់សោ.កម៉ូតូរបស់ប្រជាពលរដ្ឋបានសម្រេចហេីយបណ្ដេីរបានប្រហែល២០ម៉ែត្រ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤និង៣០នាទីល្ងាចថ្ងៃទី២០​ ខែវិច្ឆិកាឆ្នាំ២០២៤ ស្ថិតនៅផ្លូវលំភូមិឫស្សីជា៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ 

    ជនរងគ្រោះដែលជាម្ចាស់ម៉ូតូឈ្មោះ រដ្ឋ ដាលីន ភេទស្រី​ អាយុ២៥ឆ្នាំមុខរបរអ្នកលក់អនឡាញស្នាក់នៅកន្លែងកើតហេតុ ។ 

    តាមការរៀបរាប់ពីម្ចាស់ម៉ូតូបានប្រាប់ឲ្យដឹងថា​ មុនកេីតហេតុនោះ​ គាត់បានទុកម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ ភ្នំពេញ1N-3040 ចាក់សោ.កម៉ូតូទុកនៅមុខផ្ទះដូចសព្វដង ស្រាប់តែពេលនោះក៏មានជនសង្ស័យខាងលើបានមកធ្វើសកម្មភាព កាច់សោ.កម៉ូតូបានសម្រេចហើយបណ្ដេីរចេញ ។ ពេលនោះអ្នកជិតខាងបានឃើញដោយសង្ស័យក៏ស្រែកថាចោរៗ រួចនាំគ្នាព័ទ្ធចាប់ជនសង្ស័យបានភ្លាមៗ និងរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ដើម្បីឲ្យមកយកជនសង្ស័យយកទៅធ្វើការសួរនាំ ។ 

    បច្ចុប្បន្ននេះ​ ជនសង្ស័យខាងលេីត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ បញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្តតាមច្បាប់៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖