ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ដើម្បីការសិក្សាទទួលបានភាពជោគជ័យ តើត្រូវផ្អែកលើកត្តាអ្វីជាសំខាន់?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការវិនិយោគការអប់រំ គឺជាការវិនិយោគលើអនាគត ពីព្រោះការចង់បានអនាគតកាន់តែល្អ កាន់តែមានឱកាសច្រើន។

សម្តេចធិបតី បានថ្លែងបន្តថា ការវិនិយោគផ្អែកលើទស្សនៈវិជ្ជមាន ដោយវិនិយោគបង្កើតផ្នត់គំនិតក្នុងភាពម្ចាស់ការ ជាការវិយោគទៅលើវិស័យអប់រំ និងការវិនិយោគទៅលើការបណ្តុះបណ្តាលពិតជាសំខាន់ មិនមែនសម្រាប់តែរាជរដ្ឋាភិបាល ដូចសហគមន៍ ដូចឳពុក ម្តាយ គ្រួសារ ដូចជាសាមីខ្លួនត្រូវខិតខំរៀនសូត្រ។ ជាឧទាហរណ៍ សិស្សនិស្សិតមកទទួលបានសញ្ញាបត្រនៅថ្ងៃនេះ សុទ្ធតែជាអ្នកប្តេជ្ញាចិត្តហើយ មិនមែនចាប់ផ្តើម ១ពាន់នាក់ ៤ឆ្នាំក្រោយមកទទួលសញ្ញាបត្រទាំង ៤ពាន់នាក់នោះទេ។ មានតែការប្តេជ្ញាចិត្តក្នុងការសិក្សា ទើបទទួលបានការបញ្ចប់ការសិក្សាជោគជ័យ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាលយ័ភូមិន្ទភ្នំពេញ នៅសាលមហោស្រពកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក៏បានលើកឡើងថា អ្នកដែលនិយាយថា ក្នុងរយៈពេលមួយឆ្នាំជាងនេះ រាជរដ្ឋាភិបាល មិនបានធ្វើអ្វីសោះ ព្រោះអ្នកនោះ មិនព្រមបើកភ្នែកមើល អំពីការរីកចម្រើនរបស់កម្ពុជា នាពេលបច្ចុប្បន្ន។

សូមបញ្ជាក់ថា ៖ រយៈពេល១០ខែ ពោលចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ សរុបចំនួន៣៤៦គម្រោង ក្នុងទំហំទឹកប្រាក់ ជាង៥ពាន់លានដុល្លារអាមេរិក ដែលបង្កើតបានឱកាសការងាររហូតដល់ ២៦៨,២៤២កន្លែង។ 

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា ៖ «អ្នកខ្លះថា មួយឆ្នាំជាងនេះ រដ្ឋាភិបាលឃើញតែអួត អត់ឃើញអីសោះ មកពីយើងមិនព្រមបើកភ្នែកមើល»។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ៖ សម្ដេចបានទៅសម្ពោធរោងចក្រ TOYOTA និងរោងចក្រថ្មីៗជាច្រើន ដែលបានមកដាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជា ព្រមទាំងបានបង្កើត ឱកាសការងារ ជូនដល់ប្រជាពលរដ្ឋរាប់ម៉ឺនកន្លែងទៀតផង។

ពាក់ព័ន្ធនឹងបញ្ហា មានរោងចក្រខ្លះបានបិទទ្វារនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានការទទួលស្គាល់ ប៉ុន្ដែទន្ទឹមគ្នានោះ ក៏មានរោងចក្រថ្មីៗជាច្រើន បានបើកជាបន្ដបន្ទាប់ដូចគ្នាផងដែរ ហើយសម្ដេច បានលើកឡើងថា នៅគ្រប់ប្រទេសទាំងអស់ គឺសុទ្ធសឹងតែមានស្ថានភាពបែបនេះដូចគ្នា។

លើសពីនោះទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ កម្ពុជាមិននៅស្ងៀមនោះទេ គឺត្រូវពង្រឹងភាពប្រកួតប្រជែងបន្ថែមទៀត តាមរយៈការដាក់ចេញ គោលនយោបាយជាក់ស្ដែង ហើយអ្វីដែលធំបំផុត គឺធនធានមនុស្ស៕

ដោយ ៖ សិលា


ចែករំលែក៖