ក្នុងអំឡុងពេលជម្លោះអ៊ុយក្រែន រុស្ស៊ីបានព្រមានម្តងហើយម្តងទៀតអំពីលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីសងសឹកសត្រូវ។ ខណៈពេលដែលសហគមន៍អន្តរជាតិមានការព្រួយបារម្ភអំពីហានិភ័យនៃសង្គ្រាមបំផ្លាញពិភពលោក មន្ត្រីលោកខាងលិចមួយចំនួននាពេលថ្មីៗនេះ មិនយកចិត្តទុកដាក់ចំពោះការព្រមាននោះទេ។ ប៉ុន្តែមានសញ្ញាដែលបង្ហាញថារុស្ស៊ីមិននិយាយលេងលេងនៅពេលនេះឡើយ។ទាក់ទិននឹងភាពតានតឹងនាពេលថ្មីៗនេះ រវាងរុស្ស៊ី និងលោកខាងលិច មន្ត្រីលោកខាងលិចមួយចំនួនជឿថា រុស្ស៊ីគ្រាន់តែបង្ហាញពីអំណាចអាវុធនុយក្លេអ៊ែររបស់ខ្លួន។ វ៉ាស៊ីនតោនហាក់ដូចជាព្រងើយកន្តើយនឹងសេចក្តីថ្លែងការណ៍ដ៏តឹងតែងចុងក្រោយបង្អស់របស់ទីក្រុងមូស្គូអំពីលទ្ធភាពនៃសង្គ្រាមនុយក្លេអ៊ែរដែលផ្ទុះឡើង។ មន្ត្រីអាមេរិកហាក់គិតថា រុស្ស៊ីគ្រាន់តែ«គំរាមកំហែង» ហើយមិនទាន់ត្រៀមខ្លួន«ធ្វើរឿងពិត»។ មន្ត្រីក្នុងទីក្រុងវ៉ាស៊ីនតោននាពេលនេះ ហាក់ដូចជាមានការព្រួយបារម្ភកាន់តែខ្លាំងអំពីសមាសភាពគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតីជាប់ឆ្នោត Trump នាពេលខាងមុខ។
ទោះជាយ៉ាងណាក៏ដោយ រុស្ស៊ីបានកែសម្រួលគោលលទ្ធិនុយក្លេអ៊ែររបស់ខ្លួនឱ្យកាន់តែខិតជិតបន្ទាត់ក្រហម ហើយក្នុងពេលជាមួយគ្នានេះ ពួកគេបានដឹងយ៉ាងច្បាស់អំពីការវាយប្រហាររយៈចម្ងាយឆ្ងាយនាពេលថ្មីៗនេះរបស់អ៊ុយក្រែនលើទឹកដីរុស្ស៊ីភ្លាមៗបន្ទាប់ពីទទួលបាន “សញ្ញាភ្លើងខៀវ” ពីប្រធានាធិបតីអាមេរិក Biden ។
នៅថ្ងៃទី 19 ខែវិច្ឆិកាឆ្នាំ 2024 ប្រធានាធិបតីរុស្ស៊ីលោកពូទីនបានចុះហត្ថលេខាលើក្រឹត្យមួយដែលផ្តល់សច្ចាប័នលើគោលលទ្ធិសន្តិសុខដែលត្រូវបានកែសម្រួលរបស់ប្រទេសដោយបន្ថយកម្រិតដែលរុស្ស៊ីអាចដាក់ពង្រាយអាវុធនុយក្លេអ៊ែរ។
យោងតាមគោលលទ្ធិសន្តិសុខដែលបានធ្វើបច្ចុប្បន្នភាពថ្មីរបស់រុស្ស៊ី ប្រទេសនេះអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងស្ថានភាពដែលមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរជាពិសេសចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួនគឺបេឡារុស្ស។ ជាលើកដំបូង រុស្ស៊ីក៏បានប្រកាសថា ខ្លួនមានសិទ្ធិប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងប្រទេសដែលមានអាវុធធម្មតា ប៉ុន្តែត្រូវបានគាំទ្រដោយប្រទេសដែលមានអាវុធនុយក្លេអ៊ែរ៕
ដោយ៖ ធីរីណា(រូបថត៖ NTV)